អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (១១ សីហា) ថា បណ្ដាមេដឹកនាំអឺរ៉ុប នឹងបើកសន្និសីទតាមអនឡាញមួយនៅថ្ងៃពុធ ១៣ សីហា ស្អែកនេះ មុនជំនួបតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីសម្របសម្រួលកិច្ចចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
សន្និសីទនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអឺរ៉ុបមួយ និងនៅមុនជំនួបដែលបានគ្រោងទុករវាងលោក Trump និងលោក Putin ក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Trump បាននិយាយថា ភាគីទាំងពីរក្នុងសង្រ្គាមគឺជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចដោះស្រាយជម្លោះ ៣ឆ្នាំកន្លះនេះហើយ។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenski និងមន្រ្តីសហភាពអឺរ៉ុប រួមទាំងណាតូ គ្រោងចូលរួមកិច្ចប្រជុំអនឡាញ ដែលរៀបចំដោយទីក្រុងប៊ែរឡាំង នៅម៉ោងសកល ១២:០០នាទី នៅថ្ងៃពុធ ជាមួយមេដឹកនាំអាល្លឺម៉ង់ ហ្វាំងឡង់ បារាំង អង់គ្លេស អ៊ីតាលី និងប៉ូឡូញ។
អ្នកនាំពាក្យរូបនេះបន្តថា មេដឹកនាំទាំងអស់នឹងពិភាក្សាពីជម្រើសដើម្បីបង្កើនសម្ពាធលើរុស្ស៊ី; លំដាប់នៃជំហានក្នុងដំណើរការសន្តិភាពដែលអាចកើតមាន; និងអនាគតនៃទឹកដីដែលរុស្ស៊ីកាន់កាប់ ក៏ដូចជាការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ បន្ទាប់មក មេដឹកនាំអឺរ៉ុបនឹងធ្វើសន្និសីទវីដេអូនៅថ្ងៃដដែលនោះ ជាមួយលោក Trump និងអនុប្រធានាធិបតីអាមេរិក JD Vance ៕