ក្រុមសុខភាពសហគមន៍ដែលផ្តល់សេវាវេជ្ជសាស្រ្តដល់ជនគ្មានផ្ទះសម្បែងនៅក្នុងទីក្រុង Los Angeles និយាយថា ខ្លួនមានការព្រួយបារម្ភពីការរុះរើដោយយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បាននិយាយកាលពីថ្ងៃចន្ទ ទី១១ សីហាថា លោកកំពុងដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន៨០០ នាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងកាន់កាប់ជាបណ្តោះអាសន្ននូវស្ថាប័ននគរបាលទីក្រុងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ខណៈលោកបានប្តេជ្ញាថានឹងរុះរើចេញនូវជំរំរបស់ជនគ្មានផ្ទះសម្បែង។

លោក Trump បានបង្ហាញសញ្ញាថា ទីក្រុងធំៗនៅសហរដ្ឋអាមេរិកផ្សេងទៀត អាចធ្វើឡើងនៅពេលបន្ទាប់ រួមមានទាំងនៅទីក្រុង Chicago និងទីក្រុង Los Angeles។

ខណៈកំពុងព្យាបាលអ្នកគ្មានផ្ទះសម្បែងនៅក្នុងតំបន់ Macarthur Park លោក Jessica Sanchez នាយកនៃក្រុមវេជ្ជសាស្ត្រ St John បានប្រាប់សារព័ត៌មានរ៉យទ័រថា «វាស្តាប់ទៅទំនងជានគរបាល នឹងចាប់ផ្តើមចេញល្បាតនៅតាមដងផ្លូវ និងឃាត់ខ្លួនមនុស្ស ប្រហែលជាដោយកម្លាំង ជារបៀបដែលពួកគេបានធ្វើដោយការឆ្មក់បង្ក្រាបរបស់កងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក(ICE)។ ដូច្នេះវាអាចបណ្តាលឱ្យមានការភ័យខ្លាច ភាពវឹកវរ និងភាពមិនច្បាស់លាស់ក្នុងចំណោមមនុស្សច្រើន។