ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈយុទ្ធនាការជំហានទី២ នៃការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ គិតក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលករខ្មែរដែលទើបមកពីថៃ ទទួលបានការងារធ្វើ មានចំនួនប្រមាណជាង ៦ម៉ឺនកន្លែង។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា យុទ្ធនាការចុះផ្សព្វផ្សាយការជំហានទី២នេះ បានចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់គោលដៅចំនួន៣០០ ក្នុងខេត្តចំនួន១៣ នៅទូទាំងប្រទេស ហើយការងារនេះ ក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤បន្ថែមទៀតផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលករខ្មែរត្រឡប់ពីថៃ បានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស.។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងយុទ្ធការជំហានទី២នេះ បានរៀបចំវេទិការការងារចំនួន៣០៥កន្លែង ដោយនាំយកព័ត៌មានឱកាសការងារសរុបចំនួនជាង ១១ម៉ឺន ៨ពាន់កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងមានអ្នកមកចូលរួមវេទិកាផ្សព្វផ្សាយចំនួនជាង ៨ម៉ឺន ៧ពាន់នាក់ និងមានអ្នកទទួលបានការងារភ្លាមចំនួនជាង ១ម៉ឺន ៦ពាន់នាក់។ ដោយឡែក បើគិតត្រឹមក្នុងរយៈពេល១០ថ្ងៃនេះ ប្រជាពលរដ្ឋមកពីថៃទទួលបានការងារធ្វើតាមរយៈទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារប្រមាណជាង ៦ម៉ឺនកន្លែង។
ឯកឧត្តមអ្នកនាំពាក្យ ក៏បានអំពាវនាវឱ្យពលករដែលទើបត្រលប់មកពីថៃ អាចទាក់ទងទៅកាន់លេខ ១២៩៧ បានដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា និងខណៈក្រុមហ៊ុន រោងចក្រ សហគ្រាស កំពុងត្រូវការកម្លាំងពលកម្មសរុបចំនួនប្រមាណ ២៥ម៉ឺនកន្លែង។
សូមជំរាបជូនទៀតថា ដើម្បីសម្រួលការទទួលបានការងារធ្វើរបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដើម្បីជម្រាបជូនដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ឯកសារណាមួយ ដូចជា សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ -TD ) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




