ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តជើងចាស់សញ្ជាតិកាតា Nasser Al-Attiyah បានគ្រងជើងឯកការប្រកួតប្រណាំងយានយន្តចំងាយឆ្ងាយ Dakar Rally ជាលើកទី ៤ ក្នុងអាជីព ស្របពេលផ្នែកម៉ូតូបានទៅកីឡាករអង់គ្លេស Sam Sunderland ជាលើកទី ២ ក្នុងអាជីពផងដែរ។
ដំណាក់កាលទី ១២ ចុងក្រោយដែលមានចំងាយផ្លូវ ១៦៤គីឡូម៉ែត្របញ្ចប់នៅរដ្ឋធានី Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះកីឡាករអាហ្វ្រិកខាងត្បូង Henk Lategan គឺជាអ្នកឈ្នះក្រោយមកដល់ទីព្រ័ត្រមុនគេ ១ម៉ោង ៣៥នាទី ១៩វិនាទីតាមពីក្រោយដោយកីឡាករបារាំង Stephane Peterhansel និងលេខ ៣ កីឡាករអាហ្វ្រិកខាងត្បូងមួយរូបទៀត Brian Baragwanath។ ក្រោយ ១២ដំណាក់កាលនេះកីឡាករវ័យ ៥១ឆ្នាំបើកបររថយន្តតូយ៉ូតា Nasser Al-Attiyah បានប្រើប្រាស់ពេលសរុប ៣៨ម៉ោង ៣៣នាទី ៣វិនាទីដែលថេរវេលានេះគឺយកឈ្នះអ្នកលេខ ២ កីឡាករបារាំងជើងឯកពិភពលោកប្រណាំងរថយន្ត Rally, Sebastien Loeb ដល់ទៅ ២៧នាទី ៤៦វិនាទី ខណៈអ្នកលេខ ៣ បានទៅកីឡាករម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត Yazeed Al-Rajhi។ ចំណែកផ្នែកម៉ូតូដំណាក់កាលចុងក្រោយអ្នកឈ្នះគឺកីឡាករឈីលី Pablo Quintanilla តែជារួម Sam Sunderland ជាជើងឯកដោយមានវេលាសរុបល្អជាងកីឡាករឈីលីរូបនេះ ៣នាទី ២៧វិនាទី៕
អត្ថបទ៖នាង សុភាវុធ