យោធានីហ្សេរីយ៉ា បានសម្លាប់សមាជិកជាង ១០០នាក់នៃក្រុមឧក្រិដ្ឋជន នៅក្នុងការវាយឆ្មក់តាមអាកាស និងដីកាលពីចុងសប្តាហ៍។ នេះបើយោងតាមរបាយការណ៍ឃ្លាំមើលជម្លោះដែលផលិតសម្រាប់អង្គការសហប្រជាជាតិ និងបានឃើញដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ។

កងកម្លាំងប្រដាប់អាវុធដែលហៅថា «ក្រុមចោរប្លន់»នៅក្នុងតំបន់ អស់រយៈពេលជាច្រើនឆ្នាំហើយ បានធ្វើការគំរាមកំហែងដល់សហគមន៍នានានៅភាគពាយព្យ និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ដោយវាយឆ្មក់ទៅលើភូមិជាច្រើន ចាប់ពង្រត់អ្នកស្រុកដើម្បីទារប្រាក់លោះ និងដុតបំផ្លាញផ្ទះ បន្ទាប់ពីប្លន់យកទ្រព្យសម្បត្តិរួចហើយនោះ។

ការវាយឆ្មក់របស់យោធា នៅក្នុងរដ្ឋ Zamfara ភាគពាយ័ព្យដែលនៅសេសសល់ ត្រូវបានចាប់ផ្តើម «នៅព្រឹកព្រលឹមថ្ងៃអាទិត្យ នៅក្នុងតំបន់រដ្ឋាភិបាលក្នុងតំបន់ Bukkuyum ជាកន្លែងដែលយន្តហោះចម្បាំងដែលធ្វើការសម្របសម្រួលជាមួយកងទ័ពជើងគោក បានវាយលុកលើទីតាំងប្រមូលផ្តុំ ដែលមានក្រុមចោរ ជាង ៤០០នាក់ នៅក្នុងជំរំព្រៃ Makakkari របស់ពួកគេ។
របាយការណ៍ បានបញ្ជាក់ថា ការវាយប្រហាររបស់យោធា «អាចកើតឡើង ក្នុងការឆ្លើយតបទៅនឹងការលួចទ្រព្យសម្បតិ្តជាបន្តបន្ទាប់ ជាពិសេសការចាប់ជំរិតនៅក្នុងរដ្ឋនេះ កាលពីខែមុន» ដោយកត់សម្គាល់ពីទំនាក់ទំនងរវាងការថយចុះនៃប្រតិបត្តិការយោធា នៅក្នុងរដ្ឋនាពេលថ្មីៗនេះ និងការវាយប្រហាររបស់ក្រុមចោរប្លន់ មានការកើនឡើង។