ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃចន្ទ (១១ សីហា) ថា ប្លុកអឺរ៉ុប នឹងធ្វើការលើកញ្ចប់ទណ្ឌកម្មថ្មីទី១៩ លើរុស្ស៊ី និងបានព្រមានប្រឆាំងនឹងការផ្តល់សម្បទានណាមួយដល់ទីក្រុងមូស្គូ ខណៈជំនួបមេដឹកនាំអាមេរិក-រុស្ស៊ី ដែលទន្ទឹងរង់ចាំជាយូរ ខិតកាន់តែជិត។
អំឡុងពេលកិច្ចប្រជុំអនឡាញមួយកាលពីថ្ងៃចន្ទ នៃបណ្ដារដ្ឋមន្ត្រីការបរទេសប្លុកអឺរ៉ុប លោកស្រី Kallas បាននិយាយថា សហភាពអឺរ៉ុប កំពុងស្ថិតក្នុងការរៀបចំកញ្ចប់ទណ្ឌកម្មថ្មីនេះលើរុស្ស៊ីរួចទៅហើយ។ ការត្រៀមលក្ខណៈនេះកើតឡើងនៅមុនជំនួបកំពូលថ្ងៃទី១៥ សីហា ដែលគ្រោងទុករវាងប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងរដ្ឋអាឡាស្កា។
ក្រោយមក លោកស្រី Kallas បានសង្កត់ធ្ងន់ប្រាប់អ្នកសារព័ត៌មានក្រៅកិច្ចប្រជុំថា ដរាបណាទីក្រុងមូស្គូ មិនយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ នោះមិនអាចមានសម្បទានពីសហភាពអឺរ៉ុបឡើយ។ ប្រមុខការទូតអឺរ៉ុបរូបនេះបន្ថែមថា ប្លុកនេះមានបំណងបន្តគាំទ្រអ៊ុយក្រែន ទាំងផ្នែកយោធា និងផ្នែកហិរញ្ញវត្ថុ។
ប្រទេសសមាជិកប្លុកអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកក្កដា បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១៨ ចុងក្រោយបំផុតមួយរួចមកហើយ លើរុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន។ អឺរ៉ុបប្តេជ្ញាបង្កើនសម្ពាធសេដ្ឋកិច្ច ដោយសារក្រុងមូស្គូនៅតែបន្តបដិសេធបទឈប់បាញ់នៅអ៊ុយក្រែន និងបង្កើនការវាយប្រហាររបស់ខ្លួន៕