យោធាប៉ាគីស្ថាន បាននិយាយនៅថ្ងៃអង្គារ (១២ សីហា) នេះថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយមចំនួន ៥០នាក់ នៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៤ថ្ងៃ នៅក្នុងតំបន់ភាគនិរតី ជាទីដែលគម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗរបស់ចិនស្ថិតនៅ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកសកម្មប្រយុទ្ធទាំងនោះត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយ ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងទីក្រុង Balochistan ជាទីដែលមានសកម្មភាពបះបោរយ៉ាងគ្រោះថ្នាក់ពីពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម និងពួកបះបោរផ្ដាច់ខ្លួន ដែលអះអាងសិទ្ធិលើចំណែកដ៏ធំនៃទ្រព្យសម្បត្តិរ៉ែរបស់ខេត្តនេះ។
ចំនួនអ្នកស្លាប់ដ៏ច្រើននេះមិនទាន់អាចផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ។ ក្រុមអ្នកវិភាគឯករាជ្យ និងក្រុមសកម្មប្រយុទ្ធ បាននិយាយថា កងទ័ពប៉ាគីស្ថាន តែងតែនិយាយបំផ្លើសអំពីចំនួនអ្នកស្លាប់របស់ពួកសកម្មប្រយុទ្ធ ប៉ុន្តែយោធាប៉ាគីស្ថាន ក៏តែងបដិសេធការចោទប្រកាន់បែបនេះជាប់រហូតដែរ៕
