ប្រមុខរដ្ឋនិងរដ្ឋាភិបាលអឺរ៉ុបចំនួន ២៦រូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនអ៊ុយ ក្រែន ត្រូវតែមានសេរីភាពក្នុងការសម្រេចចិត្តអនាគតរបស់ពួកគេ ហើយថា ដំណោះស្រាយការទូត ត្រូវតែការពារផលប្រយោជន៍របស់អ៊ុយក្រែន និងអឺរ៉ុប។
មេដឹកនាំទាំងអស់នោះ បាននិយាយថា៖«ការចរចាប្រកបដោយអត្ថន័យ អាចប្រព្រឹត្តទៅបានតែ ក្នុងបរិបទនៃបទឈប់បាញ់ ឬកាត់បន្ថយអរិភាពប៉ុណ្ណោះ ដោយបន្ថែមថា យើងចែករំលែកការជឿជាក់ថាដំណោះស្រាយការទូត ត្រូវតែការពារផលប្រយោជន៍សន្តិសុខសំខាន់ៗរបស់អ៊ុយក្រែន និងអឺរ៉ុប»។
សេចក្តីថ្លែងការណ៍ដែលត្រូវបានយល់ព្រមកាលពីល្ងាចថ្ងៃចន្ទ និងបានចេញផ្សាយនៅថ្ងៃអង្គារនេះ ត្រូវបានគាំទ្រដោយមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រី។