ការមានឆន្ទៈខ្លាំងឡើងៗពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អ៊ីស្រាអែល ក្នុងការបង្ហាញការរិះគន់ ចំពោះវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា ស្ទើតែបានរលាយបាត់អស់ហើយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានបញ្ចេញវីដេអូរបស់ចំណាប់ថ្នូរអ៊ីស្រាអែល ២នាក់ ដែលមានសភាពស្គមស្គាំង។
កាលពីចុងខែកក្កដា ខណៈដែលរូបភាពនៃភាពអត់ឃ្លានរបស់អ្នកស្រុកហ្កាហ្សា បានបង្កឲ្យមានការតវ៉ាជាអន្តរជាតិ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលមួយចំនួន បានចាប់ផ្តើមរាយការណ៍ អំពីស្ថានភាពដែលកាន់តែអាក្រក់ទៅៗ នៅទីនោះ ដោយជំរុញឲ្យមានការឆ្លើយតបផ្នែកជំនួយយ៉ាងខ្លាំងក្លា។
អ្នកសារព័ត៌មានឈ្មោះ Yonit Levi របស់ប្រព័ន្ធផ្សព្វផ្សាយ Channel 12 បានចាត់ទុកវិបត្តិមនុស្សធម៌ នៅហ្កាហ្សាថា ជា «ការបរាជ័យផ្នែកសីលធម៌» ពេលផ្សាយផ្ទាល់ ហើយប្រមុខនៃសាកលវិទ្យាល័យមួយចំនួន និងពិធីបុណ្យរំលឹកមហន្តរាយជាតិ បានអំពាវនាវដល់រដ្ឋាភិបាលឲ្យជួយអ្នកស្រុកដែលពេញដោយភាពស្រេកឃ្លានទាំងអស់។

ជនជាតិអ៊ីស្រាអែលមួយចំនួន បានស្វាគមន៍ការអត្ថាធិប្បាយរបស់អ្នកផ្សាយព័ត៌មាន Levi និងរបាយការណ៍ជាបន្តបន្ទាប់ដែលពិភាក្សាអំពីស្ថានភាព នៅតំបន់ហ្កាហ្សា ជាភស្តុតាងនៃការត្រៀមខ្លួន ដើម្បីពិនិត្យមើលផលប៉ះពាល់នៃសង្រ្គាមលើជនស៊ីវិលប៉ាឡេស្ទីន។
ប៉ុន្តែអារម្មណ៍នោះ នៅក្នុងប្រទេសអ៊ីស្រាអែល មានសភាពកាន់តែតានតឹង នៅពេលដែលកាលពីថ្ងៃទី៣១ ខែកក្កដា ក្រុមហាម៉ាសបានបញ្ចេញវីដេអូចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលស្គមសល់ស្បែកដណ្ដប់ឆ្អឹងអាយុ ២១ឆ្នាំឈ្មោះ Rom Braslavski កំពុងយំដោយឈឺចាប់។ ៣ថ្ងៃក្រោយមក វីដេអូរបស់ចំណាប់ថ្នូរឈ្មោះ Evyatar David អាយុ ២៤ឆ្នាំ បានលេចឡើង ដោយរូបគេបាននិយាយថា ត្រូវបានបង្ខំឲ្យជីកផ្នូរទុកផ្ទាល់ខ្លួន។
វីដេអូទាំង ២ នោះ ដែលប្រភពមួយរបស់ប៉ាឡេស្ទីន បាននិយាយថា ត្រូវបានរៀបចំ ដើម្បីបង្ហាញពីផលប៉ះពាល់ដ៏អាក្រក់នៃលំហូរជំនួយដែលត្រូវបានរឹតបន្តឹង នៅតំបន់ហ្កាហ្សា បានបញ្ច្រាសស្ថានការណ៍វិញ ពោលគឺបានធ្វើឲ្យលែងមានការអាណិតអាសូរ នៅក្នុងប្រទេសអ៊ីស្រាអែល ចំពោះជនស៊ីវិលនៅទីនោះ៕


