ភាគរយនៃប្រជាប្រិយភាពរបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែង ក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញពីផលប៉ះពាល់ដែលលោកទទួលបានពីវិបត្តិនយោបាយជាច្រើន។
អ្នកឆ្លើយតបត្រឹមតែ ២៨ភាគរយប៉ុណ្ណោះ នៅក្នុងការស្ទង់មតិដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ TVBS កាលថ្ងៃចន្ទ (ទី១១ ខែសីហា) បាននិយាយថា ពួកគេពេញចិត្តនឹងការអនុវត្តរបស់លោក Lai ដោយធ្លាក់ចុះពីកម្រិត ៣២ភាគរយ នៅក្នុងការស្ទង់មតិពីមុន ក្នុងខែឧសភា។

លទ្ធផលនេះកើតមានឡើង ក្រោយបរាជ័យយ៉ាងធំនៅក្នុងកិច្ចប្រឹងប្រែងបោះឆ្នោតដកតំណែងមិនធ្លាប់មានពីមុន ដែលគាំទ្រដោយលោក Lai និងគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលមានគោលបំណងដកសមាជិកសភាបក្សប្រឆាំងច្រើនជាង ១ភាគ៣ ចេញពីតំណែង។
អ្នកវិភាគមួយចំនួន បានបកស្រាយលទ្ធផលនេះថា ជាសញ្ញាមួយបង្ហាញថា អ្នកបោះឆ្នោតមានការធុញទ្រាន់នឹងវោហាសាស្ត្រប្រឆាំងចិនរបស់លោក Lai ហើយផ្ទុយទៅវិញ ពួកគេចង់ឲ្យផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅ។
ជាមួយគ្នានេះដែរ គណបក្សប្រឆាំង និងផ្នែកឧស្សាហកម្មមួយចំនួន បានរិះគន់រដ្ឋបាលរបស់លោក Lai ចំពោះការបណ្ដោយឲ្យប្រធានាធិបតី លោក Donald Trump យកអាត្រាពន្ធ ២០ភាគរយលើការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិក ជាកម្រិតខ្ពស់ជាងកិច្ចព្រមព្រៀងដែលផ្ដល់ឲ្យគូប្រកួតប្រជែង ក្នុងតំបន់ ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ TVBS ក៏បានរកឃើញដែរថា ៥២ភាគរយនៃអ្នកឆ្លើយសំណួរ មិនពេញចិត្តនឹងការដោះស្រាយបញ្ហាពន្ធអាមេរិករបស់លោក Lai។ ការស្ទង់មតិនោះ ដែលពាក់ព័ន្ធនឹងអ្នកឆ្លើយតបចំនួន ១.០៤៤នាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែសីហា មានកម្រិតល្អៀង ៣ភាគរយ៕
