ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី១១ ខែសីហា) បានប្រាប់ថា ការនាំចូលមាស នឹងមិនប្រឈមជាមួយពន្ធបន្ថែមនោះឡើយ ដោយការបញ្ជាក់នេះកើតមានប៉ុន្មានថ្ងៃបន្ទាប់ពីមានការភ័ន្តច្រលំ ជុំវិញថា តើការដំឡើងពន្ធខ្ពស់ថ្មីៗនេះ ត្រូវបានអនុវត្ត ចំពោះមាសដុំដែរ ឬទេ ជាវិធានការដែលគំរាមកំហែងប៉ះពាល់ដល់ពាណិជ្ជកម្មសកលនៃលោហៈដ៏មានតម្លៃនេះ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីអាជ្ញាធរគយអាមេរិក បានបញ្ចេញលិខិតមួយច្បាប់ជាសាធារណៈ ដោយលើកឡើងថា ដុំមាសដែលមានទម្ងន់ ១គីឡូក្រាម និង ១០០អោន (២,៨គីឡូក្រាម) គួរតែជាប់កាតព្វកិច្ចពន្ធថ្មីនេះ។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លោក Trump បានឲ្យដឹងនៅលើបណ្ដាញសង្គម Truth Social របស់លោកថា «មាសនឹងមិនត្រូវបានដំឡើងពន្ធនោះទេ!»។
លិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីសប្តាហ៍មុន និងចុះនៅថ្ងៃទី៣១ ខែកក្កដា ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Financial Times ដោយបានធ្វើឲ្យតម្លៃមាសនៅលើទីផ្សារ តាមផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក ឡើងដល់កម្រិតខ្ពស់បំផុត។
ប៉ុន្តែមន្ត្រីសេតវិមានបានប្រាប់បណ្ដាញសារព័ត៌មានកាលពីថ្ងៃទី៨ ខែសីហាថា រដ្ឋបាលរបស់លោក Trump គ្រោងនឹង «ចេញក្រឹត្យនាពេលអនាគតដ៏ខ្លី ដើម្បីបញ្ជាក់ថា ព័ត៌មាននេះគឺមិនពិត ជុំវិញការដំឡើងពន្ធលើមាសដុំ និងផលិតផលពិសេសផ្សេងទៀត»៕
