យោងតាមការចុះផ្សាយរបស់កាសែត Izvestia របស់រុស្ស៊ីនៅថ្ងៃអង្គារនេះដែលបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ថា រុស្ស៊ី សង្ឃឹមថា ជំនួបនាពេលខាងមុខរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អាចជួយឲ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគី ។

លោក Ryabkov និយាយថា ជំនួបកំពូលនៅរដ្ឋអាឡាស្កា អាចនឹងជួយជំរុញការដោះស្រាយបញ្ហាជាក់លាក់ រួមទាំងការបន្តជើងហោះហើរត្រង់សម្រាប់អ្នកដំណើររវាងប្រទេសទាំងពីរ។
លោក Ryabkov បាននិយាយថា «យើងសង្ឃឹមថា ជំនួបកម្រិតខ្ពស់នាពេលខាងមុខនឹងផ្តល់សន្ទុះដល់ការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈប្រក្រតី ដែលនឹងអនុញ្ញាតឱ្យយើងឈានឆ្ពោះទៅមុខលើបញ្ហានានាដូចជាការស្តារទំនាក់ទំនងផ្លូវអាកាសឡើងវិញជាដើម»។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ជំនួបនៅពេលខាងមុខរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ នឹងក្លាយជា «ជំនួបស្វែងយល់ពីបំណងពិត»។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានហៅជម្រើសសម្រាប់ទីកន្លែងថា «សមស្រប» ដោយនិយាយថា តំបន់នេះគឺជាកន្លែងដែលផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រសព្វគ្នា។
