ក្រសួងការពារជាតិបេឡារុស នៅថ្ងៃអង្គារ (ទី១២ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពរុស្ស៊ី និងបេឡារុស នឹងធ្វើសមយុទ្ធយុទ្ធសាស្ត្ររួមគ្នា នៅក្នុងប្រទេសបេឡារុស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា។
ក្រសួងបានដកស្រង់សម្តីរបស់លោកឧត្តមសេនីយ៍ទោ Valery Revenko ដែលបាននិយាយថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងសមត្ថភាពរបស់រុស្ស៊ី និងបេឡារុស្ស និង «ធានាសន្តិសុខយោធានៃរដ្ឋសហភាព និងការត្រៀមខ្លួនរបស់ប្រទេសទាំង២ ក្នុងការទប់ទល់នឹងការឈ្លានពានដែលអាចកើតមាន»។
រដ្ឋសហភាព គឺជាសហភាពគ្មានព្រំដែន និងសម្ព័ន្ធភាព រវាងអតីតសាធារណរដ្ឋសហភាពសូវៀតទាំង២ និងប្រទេសជិតខាង។

ដោយមិនបានផ្តល់ព័ត៌មានលម្អិត ឬភស្តុតាង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានកាលពីដើមឆ្នាំនេះថា រុស្ស៊ីកំពុង «រៀបចំអ្វីមួយ» នៅក្នុងប្រទេសបេឡារុស នារដូវក្តៅនេះ ក្រោមរូបភាពនៃសមយុទ្ធយោធាជាប្រចាំ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា លោកបានសម្រេចចិត្តផ្លាស់ប្តូរទីតាំងនៃការធ្វើសមយុទ្ធយោធារួមគ្នានេះ ឲ្យឆ្ងាយពីព្រំដែនភាគខាងលិចរបស់ប្រទេសបេឡារុស ជាមួយនឹងបណ្តាប្រទេសសហភាពអឺរ៉ុប ដោយនិយាយពីកង្វល់សន្តិសុខដែលត្រូវបានលើកឡើងនៅក្នុងប្រទេសប៉ូឡូញ និងបណ្ដាប្រទេសតំបន់បាល់ទិក។
តែយ៉ាងណាក្ដី លោក Lukashenko បានចាត់ទុកគំនិត ដែលថា បេឡារុសនឹងប្រើប្រាស់សមយុទ្ធ ដើម្បីវាយប្រហារប្រទេសបាល់ទិកទាំង៣ និងប៉ូឡូញ គឺ «មិនសមហេតុសមផលទាល់តែសោះ»៕
