រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើតឡើងនៅតំបន់ Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារ (ទី១២ ខែសីហា) នេះ ប៉ុន្តែស្ថាប័នអង្កេត បានឲ្យដឹងថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។
បើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា ចំណុចកណ្តាលនៃរញ្ជួយដីដែលបានកើតឡើងនៅម៉ោងប្រហែល ៥:២៤នាទីល្ងាច (ម៉ោងក្នុងស្រុក) ស្ថិតនៅចម្ងាយប្រហែល ១៩៣គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុង Jayapura ដែលជាទីរួមខេត្ត និងទីក្រុងធំជាងគេ នៅតំបន់ Papua នេះ។

ជម្រៅនៃការរញ្ជួយ ស្ថិតនៅ ១០គីឡូម៉ែត្រ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិក បានប្រាប់ថា គ្មានការគំរាមកំហែងពីការមានរលកយក្សស៊ូណាមិទេ។ ហើយភា្លមៗនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះឡើយ។ មុននេះ USGS បានដាក់កម្រិតរញ្ជួយដល់ ៦,៥រ៉ិចទ័រ មុនពេលកែប្រែនៅក្រោមនោះបន្តិច។
ប្រទេសឥណ្ឌូនេស៊ី ជួបប្រទះនឹងរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះ ស្ថិតនៅលើអ្វីដែលគេហៅថា Pacific Ring of Fire (កងភ្នំភ្លើងប៉ាស៊ីហ្វិក) ជារង្វង់នៃសកម្មភាពរញ្ជួយខ្លាំងក្លាដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក ជាទីដែលបន្ទះតិកតូនិកប្រសព្វគ្នា៕
