នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង បានបង្ហាញក្តីសង្ឃឹមថានឹងមានការប្រឈមដាក់គ្នាតិចតួច និងការបើកទូលាយជាងមុន ហើយនិងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិន ស្របពេលដែលប្រទេសទាំង ២ ពន្យាពេលការផ្អាកសង្រ្គាមពន្ធសម្រាប់រយៈពេល ៩០ថ្ងៃទៀត ។
ការផ្អាកសង្រ្គាមពាណិជ្ជកម្មនេះ នឹងលុបចោលពន្ធកម្រិត ៣ខ្ទង់លើទំនិញគ្នាទៅវិញទៅមក ស្របពេលដែលក្រុមហ៊ុនលក់រាយសហរដ្ឋអាមេរិកបង្កើនស្តុក មុនរដូវកាលវិស្សមកាលចុងឆ្នាំដ៏សំខាន់ខាងមុខនេះ ។

លោក Yang Shengyu គឺជាអ្នកបម្រើការក្នុងវិស័យគ្រប់គ្រងធុរកិច្ចនិយាយថា លោកគិតថា ពួកយើងគួរតែទទួលយកវិធីសាស្រ្តដែលចិនមាន ពោលគឺបើកទូលាយ និងព្រមទទួលយកភាពសម្បូរបែប ដើម្បីឲ្យពួកយើងរីកចម្រើន មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែនៅប្រទេសជុំវិញខ្លួនផងដែរ ហើយវិធីសាស្រ្តរបាំងពាណិជ្ជកម្មសហរដ្ឋអាមេរិក ពុំអាចទទួលយកបាននោះទេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសនៅលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោកថា លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិផ្អាកការអនុវត្តពន្ធខ្ពស់ជាងមុនរហូតដល់វេលាម៉ោង ១២ និង ០១នាទី(ម៉ោងនៅសហរដ្ឋអាមេរិក) ថ្ងៃទី ១០ ខែវិច្ឆិកា ។
ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បានចេញការផ្អាកដូចគ្នាលើការទារពន្ធបន្ថែម ដោយពន្យាពេលការដំឡើងពន្ធលើក្រុមហ៊ុនអាមេរិករយៈពេល ៩០ថ្ងៃដូចគ្នា ។
ផ្សារភាគហ៊ុនអាស៊ី បានហក់ឡើងខ្ពស់ ហើយរូបិយប័ណ្ណមានស្ថិរភាពភាគច្រើននៅថ្ងៃអង្គារនេះ ក្រោយសហរដ្ឋអាមេរិក និងចិន ផ្អាកសង្រ្គាមពន្ធរបស់ពួកគេរហូតដល់ខែវិច្ឆិកា ៕
