BBC ទទួលបានព័ត៌មានថា ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅធ្វើការដូចជាទាសករនៅក្នុងប្រទេសរុស្ស៊ី ដើម្បីប៉ះប៉ូវកង្វះខាតការងារបង្កឡើងដោយសារការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ។
ទីក្រុងម៉ូស្គូ បានងាករកទីក្រុងព្យុងយ៉ាង ដើម្បីឲ្យជួយធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលរបស់ពួកគេ កាំភ្លើងធំ និងទាហានកូរ៉េខាងជើង ។
ស្របពេលដែលបុរសជនជាតិរុស្ស៊ីត្រូវបានសម្លាប់ ឬជាប់ដៃធ្វើសង្រ្គាម ឬរត់ភៀសខ្លួនចេញពីប្រទេសដើម្បីគេចវេសពីការកេណ្ឌទ័ពនោះ ក្រុមមន្រ្តីចារកម្មកូរ៉េខាងត្បូង និយាយប្រាប់ BBCថា ទីក្រុងម៉ូស្គូពឹងផ្អែកកាន់តែខ្លាំងលើកម្មករកូរ៉េខាងជើង ។
BBC បានធ្វើបទសម្ភាសន៍ជាមួយកម្មករកូរ៉េខាងជើង ៦នាក់ ដែលបានរត់គេចចេញពីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ុយក្រែន ជាមួយក្រុមមន្រ្តីរដ្ឋាភិបាល ក្រុមអ្នកស្រាវជ្រាវ និងអ្នកដែលជួយសង្រ្គោះកម្មករកូរ៉េខាងជើង ។

ពួកគេបានរៀបរាប់លម្អិតពីវិធីដែលបុរសជនជាតិកូរ៉េខាងជើងក្លាយជាកម្មវត្ថុនៃស្ថានភាពការងារលើសកម្លាំងដ៏ហួសហេតុ ហើយវិធីដែលក្រុមអាជ្ញាធរកូរ៉េខាងជើង រឹតបន្តឹងការគ្រប់គ្រងរបស់ពួកគេលើកម្មករ ដើម្បីរារាំងពួកគេពីការរត់គេចខ្លួន ។
លោក Jin គឺជាកម្មករកូរ៉េខាងជើងមួយរូប និយាយប្រាប់ BBCថា លោកបានធ្វើដំណើរទៅដល់តំបន់ចុងបូព៌ារុស្ស៊ី លោកត្រូវបានគេចាត់ចែងពីអាកាសយានដ្ឋាន ឲ្យធ្វើដំណើរទៅកាន់ការដ្ឋានសំណង់ ដោយភ្នាក់ងារសន្តិសុខកូរ៉េខាងជើង ដែលបានបញ្ជាលោកមិនឲ្យនិយាយជាមួយនរណាទាំងអស់ ឬសំឡឹងមើលអ្វីនោះឡើយ ។
លោកបន្តថា ភ្នាក់ងាររូបនោះ និយាយប្រាប់លោកថា ពិភពខាងក្រៅគឺជាសត្រូវរបស់ពួកយើង ។ លោកត្រូវបានគេកំណត់ឲ្យធ្វើការនៅលើសំណង់អគារផ្ទះល្វែងខ្ពស់រយៈពេលជាង ១៨ម៉ោងក្នុង ១ថ្ងៃ ។
កម្មករទាំង ៦នាក់ និយាយដូចៗគ្នាពីការងារដូចទាសកររបស់ពួកគេ ដោយពួកគេបញ្ជាក់ថា ភ្ញាក់ម៉ោង ៦ព្រឹក ហើយត្រូវបានគេបង្ខំឲ្យធ្វើការនៅលើអគារខ្ពស់រហូតដល់ម៉ោង ២យប់រំលងអធ្រាត្រ ហើយមានពេលឈប់សម្រាកត្រឹម ២ថ្ងៃប៉ុណ្ណោះ ក្នុង ១ឆ្នាំ ៕
