បុរសម្នាក់ បានស្លាប់ដោយសាររលាកភ្លើង និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានបង្ខំចិត្តជម្លៀសខ្លួន ស្របពេលដែលភ្លើងឆេះព្រៃវាយប្រហារតំបន់ជាច្រើននៅប្រទេសអេស្ប៉ាញ អំឡុងពេលកើតមានរលកកម្តៅនៅទូទាំងតំបន់អឺរ៉ុប ។
ក្រុមមន្រ្តីនិយាយនៅថ្ងៃអង្គារនេះថា ជនរងគ្រោះ បានរលាកភ្លើងធ្ងន់ធ្ងរ ពេលដែលខ្យល់បក់ខ្លាំងក្នុងល្បឿន ៧០គ.មក្នុង ១ម៉ោង ធ្វើឲ្យអណ្តាតភ្លើងរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់ជាយក្រុង Tres Cantos ស្ថិតនៅភាគខាងជើងទីក្រុង Madrid ។
បុរសម្នាក់នេះដែរដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យ បានក្លាយជាករណីស្លាប់មនុស្សលើកដំបូងពីភ្លើងឆេះព្រៃរាប់សិបកន្លែងនៅអេស្ប៉ាញ ចាប់តាំងពីរលកកម្តៅចាប់ផ្តើមកាលពីសប្តាហ៍មុន ។
អ្នកស្រី Isabel Diaz Ayuso គឺជាប្រធានរដ្ឋបាលក្នុងតំបន់របស់ទីក្រុង Madrid បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា អ្នកស្រីមានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិតបុរសម្នាក់នេះ ។
ប្រជាពលរដ្ឋរាប់រយនាក់នៅតំបន់ជាយក្រុង Tres Cantos ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ ។
លោក Carlos Novillo គឺជាប្រធានផ្នែកបរិស្ថានក្នុងតំបន់របស់ទីក្រុង Madridនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ត្រឹមរយៈពេល ៤០នាទីប៉ុណ្ណោះ ភ្លើងឆេះព្រៃបានរីករាលដាលចម្ងាយ ៦គ.ម ។
នៅកន្លែងផ្សេងទៀត មនុស្សប្រហែល ២ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញពីសណ្ឋាគារ និងលំនៅដ្ឋាននៅជិតតំបន់ឆ្នេរ Tarifa ស្ថិតនៅតំបន់ភាគខាងត្បូង Andalusia ដោយសារភ្លើងឆេះព្រៃ ៕