អ្នករិះគន់បានលើកឡើងថា ការសម្រេចរបស់រដ្ឋបាលរដ្ឋ Assam ក្នុងការដាក់ចេញនូវគោលនយោបាយមានអាវុធសេរី ដើម្បីឲ្យជនស៊ីវិល «ជនជាតិដើមភាគតិច» ការពារខ្លួនទល់នឹង «ការគំរាមកំហែងដោយខុសច្បាប់» អាចធ្វើឲ្យរដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាមួយនេះមានស្ថានភាពកាន់តែអាក្រក់ទៅៗ ពាក់ព័ន្ធនឹងអំពើហិង្សាជាតិសាសន៍ និងសាសនាដ៏បង្ហូរឈាម និងយូរអង្វែង។
ការសម្រេចនោះអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងគោលនយោបាយ «វិធានការបូព៌ា» របស់ឥណ្ឌាផងដែរ។ ស្ថិរភាពរបស់រដ្ឋ Assam មានសារៈសំខាន់ ក្នុងការនាំមកនូវការអភិវឌ្ឍកាន់តែទូលំទូលាយ សម្រាប់តំបន់ភាគឦសានរបស់ឥណ្ឌា ដែលជាតំបន់ដ៏សំខាន់នៃចក្ខុវិស័យរបស់ប្រទេស ក្នុងការលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីប្រចាំរដ្ឋ Assam និងជាប្រមុខគណបក្ស Bharatiya Janata (BJP) លោក Himanta Biswa Sarma បានប្រកាសកាលពីថ្ងៃទី៦ ខែសីហាលើបណ្ដាញសង្គម X ថា រដ្ឋាភិបាលរបស់លោក កំពុងបង្កើតវេទិការអនឡាញមួយ ដើម្បីឲ្យប្រជាជន «ដើម» និង «ជនជាតិដើមភាគតិច» នៃរដ្ឋនេះ «ដែលមានអារម្មណ៍ថា ត្រូវបានគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ និងរស់នៅក្នុងតំបន់រសើប» អាចដាក់ពាក្យសុំអាជ្ញាប័ណ្ណកាន់កាប់អាវុធបាន។
ចំណាត់ការដែលកើតឡើងនៅមុនការបោះឆ្នោតរដ្ឋដែលបានគ្រោងទុក ពីខែមីនា ដល់ខែមេសា ឆ្នាំ២០២៦ គឺមានគោលបំណងជួយអ្នកស្រុកដោះស្រាយជាមួយនឹងការគំរាមកំហែង ដែលបង្កឡើងដោយជនអន្តោប្រវេសន៍ខុសច្បាប់នៃជនមូស្លីម Bengali មកពីប្រទេសដែលនៅជិតគ្នា គឺបង់ក្លាដែស៕