ប្រទេសប៊ួគីណាហ្វសូបានកាត់ទោសមនុស្ស ១៣នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹង «អំពើភេរវកម្ម» ក្នុងនោះរួមទាំងការវាយប្រហារកាលពីឆ្នាំ២០១៨ លើស្ថានទូតបារាំង និងបានផ្តន្ទាទោសដាក់ពន្ធនាគារជាង ៦០នាក់ផ្សេងទៀត ក្នុងរយៈពេលខ្លីជាងនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលត្រូវបានឃើញ នៅថ្ងៃអង្គារ (ទី១២ ខែសីហា)។
ប្រទេសអាហ្រ្វិកខាងលិចមួយនេះ បាននិងកំពុងប្រយុទ្ធប្រឆាំងអំពើហិង្សាជ្រុលនិយមអស់រយៈពេលប្រហែល ១ទសវត្សរ៍មកហើយ ដោយរបបយោធាដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារកាលពីខែកញ្ញា ឆ្នាំ២០២២ បានជួបនឹងការលំបាក ក្នុងការទប់ស្កាត់។
ការិយាល័យតុលាការប្រឆាំងភេរវកម្មពិសេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់ទោសដាក់ពន្ធនាគារនេះ ត្រូវបានសម្រេច សម្រាប់សវនាការ ចន្លោះខែមករា ដល់ខែកក្កដា។ ការិយាល័យនេះបានបញ្ជាក់ថា៖ «មនុស្ស ១៣នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយមនុស្ស ៦៣នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ ទៅ ២១ឆ្នាំ។ ២នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំ និងម្នាក់ ៣ឆ្នាំ»។
គួររំលឹកថា អំឡុងការវាយប្រហារចំនួន ២ ក្នុងខែមីនា ឆ្នាំ២០១៨ ជនបង្កបានវាយប្រហារទីស្នាក់ការយោធា និងស្ថានទូតបារាំង ក្នុងរដ្ឋធានី Ouagadougou ដោយប្រើកាំភ្លើង និងបំផ្ទុះរថយន្ត។ នាពេលនោះ មនុស្ស ៨នាក់ បានបាត់បង់ជិវិត និងជាច្រើននាក់ទៀតរងរបួស៕