ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី នៅថ្ងៃអង្គារ (ទី១២ ខែសីហា) នេះ បានរាយការណ៍ថា ទាហានស៊ីរីម្នាក់ បានស្លាប់ អំឡុងការប៉ះទង្គិចគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយកងជីវពលឃឺដ នៅទីក្រុង Aleppo។
ទំនាក់ទំនង រវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយកងជីវពលឃឺដ (SDF) នៅតែរកច្រកចេញមិនឃើញ នៅចន្លោះរវាងកិច្ចសហប្រតិបត្តិការដោយប្រុងប្រយ័ត្ន និងការមិនទុកចិត្តដែលមានជាប់មករហូត។
កាលពីខែមីនា ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក Ahmed Al-Sharaa និងមេបញ្ជាការរបស់កងជីវពល SDF លោក Mazloum Abdi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីរួមបញ្ចូលរចនាសម្ព័ន្ធស៊ីវិល និងយោធារបស់កងកម្លាំង SDF រួមជាមួយនឹងការគ្រប់គ្រងរបស់ក្រុមនេះ លើប៉ុស្តិ៍ត្រួតពិនិត្យ អាកាសយានដ្ឋាន និងអណ្តូងប្រេង ទៅក្នុងស្ថាប័នរដ្ឋ ខណៈពេលដែលធានាឲ្យមានសិទ្ធិនយោបាយ និងសញ្ជាតិ សម្រាប់ជនជាតិឃឺដ។
កិច្ចព្រមព្រៀងដែលត្រូវបានសាទរថា ជាជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិ បានជាប់គាំង ចាប់តាំងពីពេលនោះមក ដោយទីក្រុងដាម៉ាស បានដកខ្លួនចេញពីកិច្ចពិភាក្សាដែលបានគ្រោងទុក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយអះអាងថា វិសាលភាពនៃវេទិកានេះលើសពីអាណត្តិរបស់ខ្លួន។
ប៉ុន្តែការសន្ទនានៅតែបន្ត ដោយគណៈប្រតិភូ SDF ថ្មី បានទៅដល់រដ្ឋធានីរបស់ស៊ីរី ក្នុងសប្តាហ៍នេះ ដើម្បីជំរុញការអនុវត្ត។ យ៉ាងណាក្តី ជាក់ស្ដែង ភាពតានតឹងនៅតែមានតិចតួចដដែល ខណៈដែលភាគីនីមួយៗ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបទឈប់បាញ់ និងការវាយប្រហារឆ្លងព្រំដែននៅភាគខាងជើងប្រទេសស៊ីរី៕