សភាជាន់ទាបបានឲ្យដឹងថា ប្រធានរដ្ឋសភា Duma របស់ប្រទេសរុស្ស៊ី លោក Vyacheslav Volodin នឹងដឹកនាំគណៈប្រតិភូរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង នៅថ្ងៃទី ១៤-១៥ ខែសីហា។
សេចក្តីថ្លែងការណ៍ពីសភា បានបញ្ជាក់ថា គណៈប្រតិភូនេះ នឹងចូលរួមក្នុងពិធីប្រារព្ធខួបលើកទី ៨០ នៃថ្ងៃរំដោះប្រទេសកូរ៉េខាងជើងពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន ដោយកងទ័ពសម្ព័ន្ធមិត្ត នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។
តែយ៉ាងណាក្ដី រដ្ឋសភា Duma មិនបានបញ្ចេញឈ្មោះសមាជិកផ្សេងទៀតនៃគណៈប្រតិភូរុស្ស៊ីនេះឡើយ។ លោក Volodin ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តែងតែដឹកនាំសមាជិកសភា សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ក្នុងនោះរួមទាំងទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីដើមឆ្នាំនេះផងដែរ៕