នាវាជួយសង្រ្គោះ Sea-Watch 5 របស់អាល្លឺម៉ង់ បានជួយសង្រ្គោះជនអន្តោប្រវេសន៍ ៧៣នាក់ អំឡុងប្រតិបត្តិការជួយសង្រ្គោះដាច់ដោយឡែកពីគ្នា ២លើកកាលពីថ្ងៃចន្ទ នៅតំបន់ភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេ ។
ប្រតិបត្តិការជួយសង្រ្គោះលើកដំបូង បានធ្វើឡើងអំឡុងពេលយប់ ដោយជនអន្តោប្រវេសន៍ ៦នាក់ ត្រូវបានជួយសង្រ្គោះចេញពីទូកមួយគ្រឿង ។
យោងតាមការចេញព័ត៌មានរបស់ក្រុមឃ្លាំមើលសមុទ្រ Sea Watch បានឲ្យដឹងថា ក្រោយសង្រ្គោះមនុស្ស ៦៧នាក់នៅលើទូកផ្ទុកមនុស្សលើសចំណុះ អំឡុងប្រតិបត្តិការលើកទី ២ ស្រ្តីមានផ្ទៃពោះ ៩ខែម្នាក់ ត្រូវការអន្តរាគមន៍វេជ្ជសាស្រ្តបន្ទាន់ ដែលចាំបាច់សម្រាប់ការរស់រានរបស់ទារកក្នុងផ្ទៃ ។ ស្រ្តីរូបនោះត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ប្រទេសអ៊ីតាលី ។
យោងតាមទិន្នន័យពីឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានឲ្យដឹងថា បើទោះបីជាការធ្វើដំណើរមកដល់តាមសមុទ្រនៅអឺរ៉ុបធ្លាក់ចុះ ២៤ភាគរយក្នុងឆ្នាំ ២០២៤ មកនៅចំនួនមនុស្ស ២០ម៉ឺននាក់យ៉ាងណាក្តី ចំនួនមនុស្សស្លាប់ និងចំនួនមនុស្សបាត់ខ្លួន នៅតែខ្ពស់ដដែល ។
UNHCRបានធ្វើការប៉ាន់ប្រមាណថា មនុស្សយ៉ាងហោច ៣.៥០០០នាក់ បានបាត់បង់អាយុជីវិតរបស់ពួកគេ ឬបាត់ខ្លួន តាមផ្លូវសមុទ្រជាច្រើនទៅកាន់ប្រទេសអេស្ប៉ាញ អ៊ីតាលី ម៉ាល់តា ក្រិក និងប្រទេសស៊ីប ក្នុងឆ្នាំ ២០២៤ ៕