អ្នកស្រី Roxana Chicas គឺជាអ្នកវិទ្យាសាស្រ្តថ្នាក់បណ្ឌិតផ្នែកគិលានុបដ្ឋាយិកានៅសាកលវិទ្យាល័យ Emory ស្ថិតក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដឹកនាំកិច្ចខិតខំជាមូលដ្ឋាន ដើម្បីការពារកម្មករធ្វើការខាងក្រៅពីការគំរាមកំហែងកើនឡើងនៃជំងឺពាក់ព័ន្ធនឹងកម្តៅ ។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្រីជាជនអន្តោប្រវេសន៍សាល់វ៉ាឌ័រ ដែលគ្រួសាររបស់គាត់ធ្វើការក្នុងវិស័យសំណង់ និងកសិកម្ម អ្នកស្រី Chicas បានចំណាយពេលជិត ១ទសវត្សរ៍ ផ្តោតសំខាន់លើការធ្វើឲ្យល្អប្រសើរឡើងលក្ខខណ្ឌសម្រាប់កម្មករធ្វើការខាងក្រៅងាយរងគ្រោះ ។
អ្នកស្រី Chicas និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្មករកសិដ្ឋាន មានហានិភ័យខ្ពស់រហូតដល់ជាង ៣៥ដងនៃកាស្លាប់ពាក់ព័ន្ធនឹងកម្តៅ បន្ទាប់គឺកម្មករសំណង់ដែលមានហានិភ័យ ១៣ដង ។ ដូច្នេះហើយ វិស័យទាំង ២នេះ មានអត្រាមរណៈខ្ពស់បំផុតពាក់ព័ន្ធនឹងរលកកម្តៅ ។
ដោយសហការណ៍ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Georgia Tech អ្នកស្រី Chicas និងក្រុមស្រាវជ្រាវ បានបង្កើតឧបករណ៍បន្ទះជីវសាស្រ្តតូចអាចពាក់បាន ដែលភ្ជាប់នៅលើដើមទ្រូងរបស់កម្មករ ហើយនិងមានសញ្ញាតាមដានដ៏ចាំបាច់ដូចជាសីតុណ្ហភាពស្បែក ចង្វាក់បេះដូង និងផ្លូវដង្ហើម ។
អ្នកស្រី Chicas និយាយថា អ្វីដែលក្រុមវិទ្យាសាស្រ្តកុំព្យួទ័ររបស់ពួកយើងត្រូវធ្វើ គឺប្រើប្រាស់ទិន្នន័យដើម្បីដំណើរការ AI ដើម្បីឲ្យពួកយើងអាចទទួលស្គាល់នរណាម្នាក់ដែលនឹងស្ថិតក្នុងតំបន់គ្រោះថ្នាក់ មុនពេលពួកគេដួលសន្លប់ដោយសាររលកកម្តៅ ។
អ្នកស្រីបន្តថា ឧបករណ៍នេះ នឹងបញ្ជូនសញ្ញាអាសន្នដល់ពួកគេនៅពេលដែលត្រូវឲ្យពួកគេសម្រាក ផ្តល់សំណើម និងរកទីត្រជាក់ ៕