ប្រទេសនេប៉ាល់នឹងផ្តល់ការឡើងកំពូលភ្នំចំនួន ៩៧កន្លែង ដោយឥតគិតថ្លៃ សម្រាប់រយៈពេល ២ឆ្នាំបន្ទាប់ ដើម្បីជំរុញវិស័យទេសចរណ៍នៅតាមតំបន់ដាច់ស្រយាល ។
ការមិនគិតថ្លៃសេវាកម្មនេះ បានកើតមានឡើង ស្របពេលដែលថ្លៃកំណត់ឡើងកំពូលភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកអំឡុងរដូវកាលមានភ្ញៀវទេសចរច្រើនបំផុត នឹងកើនឡើងដល់ ១៥.០០០ដុល្លារ ចាប់ពីខែកញ្ញាតទៅ ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេលជិត ១ទសវត្សរ៍ ។
នាយកដ្ឋានទេសចរណ៍នេប៉ាល់ និយាយថា ពួកគេសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ នឹងឆ្លុះបញ្ចាំងពីផលិតភាពទេសចរណ៍ និងគោលដៅទេសចរណ៍មិនអាចកាត់ថ្លៃបានរបស់ប្រទេសនេប៉ាល់ ។
ការឡើងភ្នំបានក្លាយជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រទេសនេប៉ាល់ ដែលមានភ្នំខ្ពស់ជាងគេបំផុតចំនួន ១០កន្លែងរបស់ពិភពលោក ។ ថ្លៃឡើងភ្នំ ទទួលបានប្រាក់ចំណូល ៥,៩លានដុល្លារកាលពីឆ្នាំមុន ក្នុងនោះការឡើងភ្នំ Everest ទទួលបានប្រាក់ចំណូល ៣ភាគ ៤ នៃប្រាក់ចំណូលសរុប ។
កំពូលភ្នំដែលលើកលែងថ្លៃសេវាកម្ម ស្ថិតនៅក្នុងខេត្ត Karnali និងខេត្ត Sudurpaschim របស់នេប៉ាល់ ដែលមានកំពូលភ្នំកម្ពស់ចាប់ពីចន្លោះ ៥.៩៧០ម៉ែត្រ និង ៧.១៣២ម៉ែត្រ ។
ខេត្តទាំង ២នេះដែលស្ថិតនៅតំបន់ចុងបស្ចិមប្រទេស គឺជាខេត្តក្រីក្រីបំផុត និងកំពុងអភិវឌ្ឍរបស់នេប៉ាល់ ។
លោក Himal Gautam គឺជាប្រធាននាយកដ្ឋានទេសចរណ៍នេប៉ាល់ និយាយថា បើទោះបីជាមានទេសភាពស្រស់ត្រកាលយ៉ាងណាក្តី ចំនួនភ្ញៀវទេសចរ និងអ្នកឡើងភ្នំ មានកម្រិតទាបខ្លាំងណាស់នៅទីនេះ ដោយសារពិបាកទៅដល់ ។ ពួកយើងសង្ឃឹមថា ការផ្តល់ជូនថ្មីនឹងជួយសម្រួលច្រើនដល់ភ្ញៀវទេសចរ ៕