នាយករដ្ឋមន្ត្រីហុងគ្រី មកពីក្រុមស្តាំនិយម លោក Viktor Orban បានលើកឡើងកាលពីថ្ងៃអង្គារ (១២ សីហា) ថា រុស្ស៊ី បានឈ្នះសង្រ្គាមរួចទៅហើយនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ ១៥ សីហា ខាងមុខនេះ នៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។

ដោយកាន់តំណែងតាំងតែពីឆ្នាំ២០១០មក លោក Orban ត្រូវបានរិះគន់ដោយមេដឹកនាំអឺរ៉ុបមួយចំនួនចំពោះទំនាក់ទំនងដ៏ស្និទ្ធិស្នាលរបស់រដ្ឋាភិបាលលោកជាមួយរុស្ស៊ី និងការប្រឆាំងនឹងជំនួយយោធាសម្រាប់អ៊ុយក្រែន ខណៈគណៈរដ្ឋមន្ត្រីរបស់លោកកំពុងជួបការលំបាកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីភាពតក់ស្លុតអតិផរណា។
ថ្លែងប្រាប់បណ្តាញយូធូបឈ្មោះ 'Patriot' នៅក្នុងបទសម្ភាសន៍មួយ លោក Orban បាននិយាយថា៖ គ្រប់គ្នាកំពុងនិយាយពេលនេះ ហាក់ដូចជាស្ថានភាពសង្រ្គាមបើកចំហ ប៉ុន្តែមិនមែនបែបនេះទេ។ អ៊ុយក្រែនបានចាញ់ហើយ ហើយរុស្ស៊ីជាអ្នកឈ្នះសង្រ្គាមមួយនេះ"។ លោកបន្តថា៖ "សំណួរតែមួយគត់នោះគឺថា តើនៅពេលណា និងនៅក្រោមកាលៈទេសៈណាដែលលោកខាងលិច និងអ្នកនៅពីក្រោយអ៊ុយក្រែនផ្សេងទៀត ទទួលស្គាល់ថារឿងនេះបានកើតឡើងរួចទៅហើយ ហើយតើអ្វីនឹងជាលទ្ធផលពីរឿងទាំងអស់នេះ"។
ហុងគ្រី ដែលទទួលថាមពលភាគច្រើនពីរុស្ស៊ី បានបដិសេធមិនបញ្ជូនអាវុធទៅអ៊ុយក្រែននោះទេ ដោយលោក Orban ផ្ទាល់ — ដែលបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក Putin សូម្បីតែក្រោយប្រតិបត្តិការយោធារុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន ក៏ដោយនោះ— បានប្រឆាំងយ៉ាងខ្លាំងចំពោះការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕

