ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថាប័នជាតិទេសចរណ៍អាស៊ាន ហៅកាត់ ASEAN NTO បានបើកកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទេសចរណ៍អាស៊ានលើកទី៥៥ ដោយនៅក្នុងកិច្ចប្រជុំនេះស្ថាប័នជាតិទេសចរណ៍អាស៊ាន បានលើកឡើងនូវសំណើជាច្រើន ដាក់ជូនកិច្ចប្រជុំរដ្ឋន្ត្រីទេសចរណ៍អាស៊ានលើ កទី២៥និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័ត ជាពិសេសស្នើការគាំទ្រការបើកទេសចរណ៍អាស៊ានឡើងវិញនៅពេលឆាប់ៗនេះ។
បើតាមឯកឧត្តម ថោង រដ្ឋសក្តិប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងជាអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ានមជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក :US-ABC (VISA, Agoda និង Googleជាដើម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២ ០២២ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ អាស៊ាន ៖ សហគមន៍សន្តិភាព និងវាសនាតែមួយ។
ឯកឧត្ដមបន្តថា ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិមកទស្សនាកំស្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងដៃគូបានពិភាក្សា និងឯកភាព លើការរៀបចំសេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានបញ្ចូលខ្លឹមសារស្តីពីការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន នៅទឹកដីខេត្តព្រះសីហនុ។
ឯកឧត្តមបន្ថែមថា ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះឈរលើមូលដ្ឋានវិធានសុខាភិបាលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងតម្កល់សុខភាពប្រជាពលរដ្ឋអាស៊ាន និងទេសចរជាអាទិភាព ដោយផ្សារភ្ជាប់នឹងការរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩។
សម្រាប់ការស្នើជំរុញការបើកទេសចរណ៍អាស៊ានវិញនេះ គឺត្រូវធ្វើឡើងតាមរយៈការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ និងឡាប៊ែលអាស៊ានស្តីពីសុវត្ថិភាព និងភាពកក់ក្តៅដែលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងអនុម័ត នៅក្នុងកិច្ចវេទិការទេសចរណ៍អាស៊ានATFលើកទី៤០នេះ។
ក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាននៅល្ងាចនេះដែរ ក្រុមឧត្តមមន្ត្រីទេសចរណ៍បណ្តាប្រទេសអាស៊ានបានឯកភាពគ្នាដាក់ស្នើឯកសារបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន និងឯ កសារសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបំលែងកម្មនៃទេសចរណ៍អាស៊ាន ដើម្បីដាក់ស្នើសុំការអនុមតិពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥៕ អត្ថបទ៖ ស៊ុម សុខជា