តំបន់ដ៏ធំនៃភាគខាងត្បូង និងភាគខាងកើតកោះតៃវ៉ាន់ បានបិទដំណើរការនៅថ្ងៃពុធ (១៣ សីហា) នេះ ហើយជើងហោះហើររាប់រយជើងត្រូវបានលុបចោល មុនពេលការមកដល់នៅពេលរសៀលនៃព្យុះទីហ្វុង Podul ដ៏កំណាច ជាមួយនឹងមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពរួចទៅហើយ។

មន្ត្រីឧតុនិយមបាននិយាយថា ព្យុះទីហ្វុង Podul កម្លាំងកម្រិតកណ្តាល ដែលមានល្បឿនខ្យល់បក់បោកខ្លាំងដល់ទៅ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរទៅកាន់ទីក្រុង Taitung ភាគអាគ្នេយ៍ ខណៈព្យុះកាន់តែកើនកម្លាំង ហើយត្រូវរំពឹងថានឹងបោកបក់ដល់ដីនៅក្បែរនោះនៅរសៀលថ្ងៃពុធនេះ។
អាជ្ញាធរបានចេញសារជូនដំណឹងអាសន្នទៅកាន់ពលរដ្ឋនៅតំបន់ខ្លះនៃក្រុង Taitung នៅព្រឹកថ្ងៃពុធនេះ ដែលព្រមានថា "ខ្យល់ដ៏បំផ្លិចបំផ្លាញពីព្យុះទីហ្វុងត្រូវរំពឹងទុក សូមទៅកាន់ទីជម្រកឱ្យបានឆាប់តាមដែលអាចធ្វើបាន"។ ទីក្រុង និងស្រុកចំនួន៩ បានប្រកាសផ្អាកការងារ និងសាលារៀនសម្រាប់ថ្ងៃពុធនេះ រួមទាំងទីប្រជុំជនភាគខាងត្បូងនៃតំបន់ Kaohsiung និង Tainan ផងដែរ។
អាជ្ញាធរក៏កំពុងធ្វើការដើម្បីជម្លៀសអ្នកស្រុក ដែលលំនៅឋានរបស់ពួកគេត្រូវបានខូចខាតម្ដងរួចមកហើយដោយព្យុះទីហ្វុងពីមុនខែកក្កដា ដែលបាននាំមកនូវខ្យល់បក់ខ្លាំងកម្រិតកំណត់ត្រា និងធ្វើឱ្យខូចបណ្តាញអគ្គិសនី ក្នុងការវាយលុកដោយផ្ទាល់ដ៏កម្រទៅឆ្នេរសមុទ្រភាគខាងលិចរបស់កោះតៃវ៉ាន់។ អាជ្ញាធរកោះនិយាយថា មនុស្សជិត ៥ពាន់នាក់ ត្រូវជម្លៀសចេញមុនការមកដល់របស់ព្យុះទីហ្វុងថ្មីនេះ៕

