បណ្ដាមេដឹកនាំរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (១២ សីហា) បានព្រមានយ៉ាងម៉ឺងម៉ាត់ថា ព្រំដែនរបស់អ៊ុយក្រែន មិនអាចត្រូវបានគូសវាសឡើងវិញដោយប្រើកម្លាំងបង្ខំនោះឡើយ – រយៈពេល ៣ថ្ងៃមុនពេលមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែន នៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំអឺរ៉ុបបាននិយាយថា៖ ប្រជាជនអ៊ុយក្រែន ត្រូវតែមានសេរីភាពក្នុងការសម្រេចចិត្តលើអនាគតរបស់ពួកគេ ហើយគោលការណ៍នៃ "បូរណភាពទឹកដី" ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ ហើយ "ព្រំដែនអន្តរជាតិមិនអាចចេះតែត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងបង្ខំបានទេ"។
សេចក្តីថ្លែងការណ៍រួមថ្ងៃអង្គារនេះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំ ២៦រូប ក្នុងចំណោមសមាជិកប្លុកអឺរ៉ុបទាំង២៧ ដោយសារការជំទាស់របស់មេដឹកនាំហុងគ្រី លោក Viktor Orban ដែលបានរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី និងបានព្យាយាមម្តងហើយម្តងទៀតដើម្បីរារាំងការគាំទ្រសហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់ពីអារម្មណ៍ភ័យព្រួយឥតឈប់ឈរដោយភាគីអឺរ៉ុប ពីសកម្មភាពរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ដោយប្រទេសអឺរ៉ុបជាច្រើន ជាពិសេសប្រទេសជាប់ព្រំដែនរុស្ស៊ី ឬប្រទេសដែលនៅតែមានការចងចាំនៃការកាន់កាប់របស់សហភាពសូវៀត— ជឿជាក់ថា សម្បទានដោយបង្ខំណាមួយនៅអ៊ុយក្រែន ទៅឱ្យរុស្ស៊ី អាចបង្កការគំរាមកំហែងដោយផ្ទាល់លើពួកគេនាពេលខាងមុខ៕

