យោងតាមការរាយការណ៍របស់ទូរទស្សន៍អ៊ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ អ៊ីស្រាអែលអាចនឹងបញ្ជូនអ្នកចរចាទៅកាន់ទីក្រុង Doha ប្រទេសកាតា ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងទូលំទូលាយក្នុងការដោះលែងចំណាប់ខ្មាំងក្នុងដៃក្រុមហាម៉ាស និងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈបណ្ដារដ្ឋអារ៉ាប់ និងសហរដ្ឋអាមេរិក ក៏ជំរុញឱ្យមានកិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២២ ខែដែរ។

កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានបង្ហាញសញ្ញាថា ក្រុមមន្ត្រីមិនបានបោះបង់ការរំពឹងទុកនៃកិច្ចព្រមព្រៀងនោះទេ ទោះមានការខ្វែងគំនិតគ្នានាពេលថ្មីៗនេះក្នុងការចរចាជុំវិញបទឈប់បាញ់មួយកាលពីខែមុនក៏ដោយ។ បន្ទាប់ពីកិច្ចចរចារបានដួលរលំ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអនុម័តផែនការមួយដើម្បីដណ្តើមយកទីក្រុងហ្កាហ្សា ដែលនឹងចាប់ផ្តើមនៅក្នុងខែតុលា ដោយរំពឹងថាប្រតិបត្តិការនឹងបន្តជាច្រើនខែ។
ប៉ុន្តែផែនការនោះក៏ហាក់ដូចជាបានបង្កើតភាពបន្ទាន់ជាថ្មី ក៏ដូចជាឱកាសកិច្ចពិភាក្សាជាថ្មី។ ភាគីពាក់ព័ន្ធត្រូវបានគេរាយការណ៍ថាបានទទួលស្គាល់ថា គម្លាតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែមានច្រើន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បង្ហាញថាការចរចាអាចចាប់ផ្តើមឡើងវិញ។
សារព័ត៌មានប៉ុស្តិ៍លេខ១២ ( Channel 12 )របស់អ៊ីស្រាអែល បានរាយការណ៍ដោយដកស្រង់ប្រភពពីរដឹងបញ្ហានេះថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយ ដែលក្រុមអ្នកចរចារបស់អ៊ីស្រាអែលកំពុងសម្លឹងមើល នឹងរួមមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ការបញ្ចប់សង្គ្រាម ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការរៀបចំសម្រាប់អភិបាលកិច្ចក្រោយសង្គ្រាមក្នុងដែនដីរងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ៕

