កាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃអង្គារ (១២ សីហា) ថា បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលជាមហាអំណាចអឺរ៉ុបទាំង៣ (E3) បានប្រាប់អង្គការសហប្រជាជាតិថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនត្រលប់ទៅតុចរចាជាមួយសហគមន៍អន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ។

របាយការណ៍ដែលពុំមានការបញ្ជាក់ផ្លូវការនេះ បាននិយាយដោយសម្អាងដល់លិខិតមួយដែលខ្លួនមើលឃើញថា បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុម E3 បានដាក់លិខិតនោះទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីលើកឡើងពីទិដ្ឋភាពនៃដាក់ទណ្ឌកម្ម "យន្តការត្រឡប់ទៅរកស្ថានភាពដើមវិញ" លុះត្រាតែអ៊ីរ៉ង់ ចាត់វិធានការណ៍លើកិច្ចពិភាក្សា។
FT បន្តថា រដ្ឋមន្ត្រី E3 បាននិយាយក្នុងលិខិតនោះថា៖ អឺរ៉ុបទាំង៣ បានបញ្ជាក់ច្បាស់ហើយថា ប្រសិនបើអ៊ីរ៉ង់ មិនមានឆន្ទៈក្នុងការឈានដល់ដំណោះស្រាយការទូតមុនដំណាច់ខែសីហា ឆ្នាំ២០២៥នេះ ឬក៏មិនចាប់យកឱកាសនៃការបន្ថែមពេលវេលានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរមានស្រាប់ទេនោះ មហាអំណាចអឺរ៉ុបទាំង៣ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដាក់យន្តការត្រឡប់ទៅស្ថានភាពដើមឡើងវិញ ដែលទាក់ទងនឹងទណ្ឌកម្មធ្ងន់ៗរបស់អង្គការសហប្រជាជាតិ។
ការព្រមានរបស់ E3 នេះកើតឡើងបន្ទាប់ពីកិច្ចពិភាក្សា "យ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងលម្អិត" រវាងភាគីអឺរ៉ុប ជាមួយអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែមុន ដែលជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងបំផុត ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក វាយប្រហារទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះកាលពីខែមិថុនាមក៕

