ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃពុធ ទី១៣ សីហា ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ប៉ុន្មានថ្ងៃនៅមុនជំនួបកំពូលរបស់លោក Putin នៅរដ្ឋអាឡាស្កា ជាមួយលោក Donald Trump។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា លោក Putin និងលោក Kim បានសន្ទនាតាមទូរស័ព្ទក្នុងបរិយាកាសមិត្តភាពដ៏កក់ក្តៅកាលពីថ្ងៃអង្គារ ហើយបានបញ្ជាក់ពី «ឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត»។

ប្រព័ន្ធផ្សព្វផ្សាយKCNA បានរាយការណ៍បន្ថែមថា លោក Putin បានសម្តែងការកោតសរសើរចំពោះ «ស្មារតីលះបង់ខ្លួនដែលបង្ហាញដោយបុគ្គលិកនៃកងទ័ពប្រជាជនកូរ៉េក្នុងការរំដោះតំបន់ Kursk» ដែលជាការនិយាយយោងទៅរកការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Kim បានសន្យាថា កូរ៉េខាងជើងនឹង «គាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការនានា ដែលនឹងត្រូវធ្វើឡើងដោយថ្នាក់ដឹកនាំរុស្ស៊ីនាពេលអនាគត»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump ត្រូវបានគេរំពឹងថានឹងដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងអំឡុងពេលជំនួបនៅរដ្ឋអាឡាស្កា នៅថ្ងៃសុក្រខាងមុខនេះ។ រុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់កងទ័ពនិងសព្វាវុធសម្រាប់ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន។