បាល់ទាត់៖ ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់អាស៊ី AFC Cup 2022 បានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ ខណៈលទ្ធផលសម្រាប់ក្រុមនៅតំបន់អាស៊ាន ក្រុមជើងឯកលីគកំពូលកម្ពុជាភ្នំពេញក្រោនគឺស្ថិតក្នុងពូល I ជាមួយក្លិប Viettel FC របស់វៀតណាម, ក្លិប Hougang United របស់សិង្ហបុរី និងក្លិប Hantharwady របស់សហភាពមីយ៉ាន់ម៉ា។
ដោយឡែកលទ្ធផល ២ពូលផ្សេងទៀតដែលស្ថិតក្នុងតំបន់អាស៊ានរួមមានពូល G មានក្រុម KAYA ILOILO របស់ហ្វីលីពីន, ក្រុម Bali United របស់ឥណ្ឌូនេស៊ី, ក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី និងក្រុមឈ្នះក្នុងវគ្គ Play-Off រវាងក្រុមជើងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ វិសាខា និងក្រុម Young Elephants របស់ឡាវ។ រីឯពូល H គឺមានក្រុម Kuala Lumapur របស់ម៉ាឡេស៊ី, ក្រុម Shan United ឬក្រុម Ayeyawady United របស់មីយ៉ាន់ម៉ា, ក្រុម Tampines Rovers របស់សិង្ហបុរី និងក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី។ យោងតាមគណៈកម្មការរៀបចំការប្រកួតពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះការប្រកួតនឹងចាប់ផ្ដើមនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា