រដ្ឋមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាហ្វ្រិកខាងត្បូងនឹងបង្ហាញសំណើពាណិជ្ជកម្មថ្មី «ទូលំទូលាយ អនុគ្រោះ និងមហិច្ឆតា» ដល់សហរដ្ឋអាមេរិកក្នុងគោលបំណងដើម្បីបញ្ចៀសការដំឡើងពន្ធ៣០ភាគរយលើការនាំចេញមួយចំនួន។ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធកាលពីថ្ងៃសុក្រ ជាចំនួនខ្ពស់បំផុតនៅអនុតំបន់សាហារ៉ាអាហ្រ្វិក ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ទីក្រុង Pretoria ដើម្បីចរចារអំពីការរៀបចំដែលអាចទប់ស្កាត់ការបាត់បង់ការងារធំៗក៏ដោយ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក John Steenhuisen បាននិយាយថា ព័ត៌មានលម្អិតនៃការផ្តល់នេះ នឹងត្រូវបានបង្ហាញជាសាធារណៈនៅពេលក្រោយ ប៉ុន្តែបានបញ្ជាក់ថា វិធានការដើម្បីបង្កើនការនាំចូលបសុបក្សី ផ្លែប៊្លូបឺរី និងសាច់ជ្រូករបស់សហរដ្ឋអាមេរិក ត្រូវបានរៀបចំបញ្ចប់ឯកសារ។

លោក Steenhuisen បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «នៅពេលដែលឯកសារនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ខ្ញុំគិតថាអ្នកនឹងមើលឃើញវាថាជាការផ្តល់យ៉ាងទូលំទូលាយ អនុគ្រោះ និងដោយមហិច្ឆតាដល់សហរដ្ឋអាមេរិកចំពោះពាណិជ្ជកម្ម»។ មន្ត្រីបានព្រមានថា ការដំឡើងពន្ធគយនេះអាចនឹងធ្វើឱ្យខាតបង់ការងារប្រហែល៣០.០០០កន្លែងនៅក្នុងសេដ្ឋកិច្ចដែលកំពុងទប់ទល់រួចទៅហើយជាមួយនឹងភាពអត់ការងារធ្វើចំនួន៣៣,២ភាគរយ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Parks Tau បាននិយាយថា «គោលដៅរបស់យើងគឺដើម្បីបង្ហាញថាការនាំចេញរបស់ប្រទេសអាហ្វ្រិកខាងត្បូង មិនបង្កការគំរាមកំហែងដល់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិកទេ ហើយតាមពិតទៅទំនាក់ទំនងពាណិជ្ជកម្មរបស់យើងគឺជាការបំពេញបន្ថែម»។