ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Daniel Noboa កាលពីថ្ងៃអង្គារ ទី១២ សីហា បានដឹកនាំការដើរដង្ហែរក្បួនបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងការផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ច្បាប់សន្តិសុខដែលទើបអនុម័តកាលពីពេលថ្មីៗនេះ ជាអ្វីដែលអ្នករិះគន់បាននិយាយថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់ឯករាជ្យភាពរបស់តុលាការ។

លោក Noboa បាននិយាយថា ការដើរដង្ហែក្បួនបាតុកម្មនេះគឺមានគោលបំណងរក្សាកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជន ប៉ុន្តែអ្នករិះគន់និយាយថា លោកកំពុងជ្រៀតជ្រែកឯករាជ្យភាពរបស់តុលាការ និងព្យាយាមដាក់សម្ពាធលើចៅក្រមឱ្យទទួលយកកំណែទម្រង់ទាំងអស់របស់រដ្ឋាភិបាលលោក។

តុលាការបានគាំទ្រការផ្អាកនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្សបានជំទាស់វិធានការ រួមទាំងអភ័យឯកសិទ្ធិសម្រាប់សមាជិកកងកម្លាំងសន្តិសុខដែលត្រូវបានស៊ើបអង្កេតពីបទប្រព្រឹត្តខុស ការផ្តល់កាតព្វកិច្ចឱ្យអ្នកផ្តល់សេវាទូរស័ព្ទដើម្បីផ្តល់ព័ត៌មានជាក់លាក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ។ លោក Noboa និយាយតាមឧឃោសនៈសព្ទ័នៅពេលហែរក្បួនថា «យើងមកទីនេះដើម្បីស្វែងរកយុត្តិធម៌ និងស្វែងរកសន្តិភាព យើងធ្វើតាមកាតព្វកិច្ចរបស់ប្រជាជន»។
រដ្ឋធម្មនុញ្ញរបស់ប្រទេសអេក្វាឌ័រ រារាំងចៅក្រមតុលាការកំពូលមិនឱ្យនិយាយជាសាធារណៈអំពីករណីនៅចំពោះមុខពួកគេ។
តុលាការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សញ្ញាបង្កើនហានិភ័យសន្តិសុខសម្រាប់ចៅក្រម និងប៉ះពាល់ដោយផ្ទាល់ដល់ឯករាជ្យភាពរបស់តុលាការ។