ភាពតានតឹងបន្ថែមទៀតត្រូវគេរំពឹងថានឹងកើតមាននៅក្នុងសមុទ្រចិនខាងត្បូងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងនាវាចិនពីរគ្រឿង ដោយក្រុមអ្នកវិភាគបានព្យាករណ៍ថាឧបទ្ទវហេតុនេះទំនងជានឹងជំរុញឱ្យទីក្រុងប៉េកាំងបង្កើនវត្តមានរបស់ខ្លួនបន្ថែមទៀត នៅក្នុងផ្លូវទឹកដែលមានការប្រកួតប្រជែង។

ក្រុមអ្នកជំនាញក៏បានព្រមានផងដែរថាឧបទ្ទវហេតុនេះអាចជំរុញឱ្យប្រទេសចិនបង្កើនការសម្របសម្រួលរវាងកងទ័ពជើងទឹក និងឆ្មាំល្បាតឆ្នេររបស់ខ្លួន ដើម្បីការពារគ្រោះថ្នាក់ស្រដៀងគ្នានេះនាពេលអនាគត។
ក្រុមមន្ត្រីនៅក្នុងទីក្រុងម៉ានីល និយាយថា នាវាចម្បាំងមួយគ្រឿងរបស់ចិន បានបុកនាវាឆ្នាំល្បាតឆ្នេររបស់ប្រទេសខ្លួនឯង ខណៈដេញតាមទូកល្បាតមួយគ្រឿងរបស់ហ្វីលីពីន បន្ទាប់ពីជម្លោះដែនទឹកចុងក្រោយនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃចន្ទ ទីក្រុងម៉ានីលបានអះអាងថា នាវាឆ្មាំល្បាតឆ្នេរចិនបានរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីបានបុកជាមួយនាវាកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន (PLA) គឺ នាវា Guilin ដែលជានាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ Type 052D ខណៈពេលកំពុងដេញតាមនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងដែនទឹកដែលមានការប្រកួតប្រជែងនៅជិតតំបន់ជម្លោះ Scarborough Shoal ដែលត្រូវបានគេស្គាល់ថា Bajo de Masinloc ជាភាសាហ្វីលីពីន ឬកោះ Huangyan ជាភាសាចិន។
លោក Gan Yu អ្នកនាំពាក្យអង្គភាពឆ្មាំល្បាតឆ្នេរចិនបានលើកឡើងពីវិធានការបណ្តេញនាវាហ្វីលីពីនកាលពីថ្ងៃចន្ទដោយនិយាយថាប្រទេសចិនបានចាត់វិធានការចាំបាច់រួមទាំងការតាមដាន ការត្រួតពិនិត្យ ការស្ទាក់ចាប់ និងទប់ស្កាត់ ព្រមទាំងបានហៅចំណាត់ការរបស់ខ្លួនថា ប្រកបដោយវិជ្ជាជីវៈ ស្តង់ដារ ត្រឹមត្រូវ និងស្របច្បាប់៕

