បាល់ទាត់៖ ក្លិបអេស្ប៉ាញ FC Barcelona ត្រូវបានគេដឹងថា កំពុងរកផ្លូវលក់ចេញកីឡាករបារាំង Ousmane Dembele ក្នុងតម្លៃទាបមួយ បន្ទាប់ពីការចរចាកិច្ចសន្យាថ្មីជាប់គាំង។ Barcelona បានពិភាក្សាជាមួយ Dembélé លើកិច្ចព្រមព្រៀងថ្មីអស់រយៈពេលជាច្រើនខែ ប៉ុន្តែមិនមានការរីកចម្រើនឡើយដោយក្លិបគ្រោងផ្តល់កិច្ចព្រមព្រៀងថ្មីមួយដល់ Dembélé ដែលនឹងកាត់បន្ថយប្រាក់ខែរបស់គាត់កាលពីខែមុន តែមកដល់ពេលនេះនៅមិនទាន់មានចម្លើយ។

Dembélé នឹងផុតកុងត្រានៅដំណាច់រដូវកាលនេះ ហើយ Barca អាចនឹងមិនបានអ្វីពីការចាកចេញ។ សារព័ត៌មានអេស្ប៉ាញមួយបានចុះផ្សាយថា Barcelona គ្រោងបញ្ចេញកីឡាករវ័យ ២៤ឆ្នាំរូបនេះត្រឹមតម្លៃ ២០លានអឺរ៉ូដែលអាចជាគោលដៅរបស់ Manchester United រឺក្លិបអ្នកមានថ្មី Newcastle United។ រំលឹកថា Ousmane Dembele បានមកដល់ Barcelona កាលពី ៥ឆ្នាំមុនក្នុងតម្លៃដល់ទៅ ១៣០លានអឺរ៉ូ តែរបួសបានធ្វើឱ្យអាជីពកីឡាករបារាំងរូបនេះជួនលិចជួនអណ្តែងនៅក្របខណ្ឌអេស្ប៉ាញ La Liga៕
អត្ថបទ៖នាង សុភាវុធ