អតីតអាកាសយានិកនិងទាហានបម្រុងនៃកងទ័ពអាកាសអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅទីក្រុង Tel Aviv ខាងក្រៅទីបញ្ជាការយោធា ដោយទាមទារឱ្យបញ្ចប់សង្រ្គាម និងបញ្ជូនចំណាប់ខ្មាំងត្រឡប់មកវិញ។
ក្រុមអ្នកតវ៉ា ដែលកាន់ទង់ជាតិអ៊ីស្រាអែល និងទង់ពណ៌លឿងជានិមិត្តរូបសម្រាប់ចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា បានមកប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv អំពាវនាវឱ្យនាយសេនាធិការអ៊ីស្រាអែល លោក Eyal Zamir បញ្ចប់សង្រ្គាម ដោយគាំទ្រការប្រឆាំងរបស់លោកសម្រាប់ការពង្រីកការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា។

អតីតអាកាសយានិកកងទ័ពអាកាសអ៊ីស្រាអែលម្នាក់ឈ្មោះ Guy Poran ដែលបាននិយាយថាជាអ្នករៀបចំការប្រមូលផ្តុំគ្នានេះ បាននិយាយថា «យើងគាំទ្រ និងជំរុញនាយសេនាធិការរូបនេះក្នុងការជំទាស់របស់លោកទៅនឹងការពង្រីកសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលនឹងគ្មានគោលដៅសន្តិសុខសម្រាប់អ៊ីស្រាអែល ហើយប្រឈមការស្លាប់ចំណាប់ខ្មាំង ទាហានអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ជាច្រើននាក់បន្ថែមទៀតនៅហ្កាហ្សា។
ការិយាល័យរបស់លោក Benjamin Netanyahu បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកបានសម្រេចដណ្តើមយកទីក្រុងហ្កាហ្សា ដោយពង្រីកប្រតិបត្តិការយោធានៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លាញ ទោះបីជាមានការប្រឆាំងជាសាធារណៈ និងការព្រមានពីយោធាថា ចំណាត់ការនេះអាចបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងក៏ដោយ។
