ប្រភពដែលដឹងពីកិច្ចពិភាក្សា បាននិយាយថា ឥណ្ឌា និងចិន នឹងចាប់ផ្តើមការតភ្ជាប់ជើងហោះហើរត្រង់ ឡើងវិញភ្លាមៗនៅខែក្រោយនេះ ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកទាំងពីរ ព្យាយាមកំណត់ទំនាក់ទំនងនយោបាយរបស់ពួកគេឡើងវិញ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នៅឥណ្ឌា ត្រូវបានស្នើដោយរដ្ឋាភិបាល ឱ្យរៀបចំជើងហោះហើរទៅកាន់ប្រទេសចិន ក្នុងការជូនដំណឹងភ្លាមៗ ជាមួយនឹងការប្រកាសជាផ្លូវការអាចកើតមាននៅអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO នៅចុងខែសីហា ខាងមុខនេះក្នុងប្រទេសចិន។
គួរឱ្យដឹងថា ជើងហោះហើរអ្នកដំណើររវាងប្រទេសជិតខាងទាំងពីរ ត្រូវបានផ្អាកបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ដោយបង្ខំឱ្យអ្នកដំណើរពីឥណ្ឌា ទៅកាន់ចិន ត្រូវឆ្លងកាត់មជ្ឈមណ្ឌលនានា ដូចជាក្រុងហុងកុង ឬសិង្ហបុរី ជាដើម។
ការជំរុញជាថ្មីក្នុងការកសាងបណ្ដាញតភ្ជាប់ដោយផ្ទាល់ឡើងវិញនេះ កើតឡើងនៅពេលទំនាក់ទំនងរបស់ឥណ្ឌា ជាមួយអាមេរិក មានភាពតានតឹងដោយសាររឿងពន្ធគយ។ ចំណែកឯទំនាក់ទំនងជាមួយចិនវិញហាក់ប្រសើរឡើង ដោយថ្មីៗនេះ ឥណ្ឌាបានអនុញ្ញាតឱ្យមានទិដ្ឋាការទេសចរណ៍សម្រាប់ជនជាតិចិន បន្ទាប់ពីការទប់ស្កាត់ជាច្រើនឆ្នាំ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏នឹងទៅចូលរួមកិច្ចប្រជុំកំពូល SCO នៅទីក្រុង Tianjin របស់ចិនផងដែរ ចាប់ផ្ដើមនៅថ្ងៃទី៣១ ខែសីហា ជាទីដែលលោកអាចនឹងជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ៕

