ក្រុមមន្ត្រីឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារ (១២ សីហា) ថា យ៉ាងហោចណាស់មនុស្សបាត់ខ្លួនចំនួន ៦៨នាក់ នៅមិនទាន់រកឃើញនៅឡើយទេអស់ពេលមួយសប្តាហ៍មកហើយ បន្ទាប់ពីទឹកជំនន់បានហូរកាត់ទីប្រជុំជនតំបន់ភ្នំហិម៉ាឡៃមួយ បង្កជាបំណាក់ល្បប់ភក់ដ៏ធំ។ បន្ថែមពីលើមនុស្ស ៤នាក់ ដែលត្រូវរាយការណ៍ថាបានស្លាប់ទៅហើយនោះ តួលេខអ្នកបាត់ខ្លួនដ៏ច្រើននេះទំនងជាធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៃគ្រោះមហន្តរាយថ្ងៃទី០៥ ខែសីហា កើនឡើងដល់ជាង ៧០នាក់។

ក្រុមមន្ត្រីគ្រោះមហន្តរាយនិយាយកាលពីថ្ងៃអង្គារថា ពួកគេកំពុងបន្តស្វែងរកសាកសពនៅក្នុងបំណែកកម្ទេចកម្ទីនៃទីប្រជុំជនទេសចរណ៍ Dharali ក្នុងរដ្ឋ Uttarakhand របស់ឥណ្ឌា។
ដំបូងឡើយ មនុស្សជាង ១០០នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន ប៉ុន្តែដោយសារផ្លូវត្រូវជន់លិច និងការទំនាក់ទំនងតាមបណ្ដាញទូរសព្ទខូចខាត ក្រុមអាជ្ញាធរត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីពិនិត្យបញ្ជីឈ្មោះអ្នកបាត់ខ្លួនពិតប្រាកដ ហើយឥឡូវនេះ រដ្ឋាភិបាលក្នុងតំបន់បានរាយបញ្ជីមនុស្សចំនួន ៦៨នាក់ដែលបាត់ខ្លួនជាផ្លូវការ។

ទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ គឺជារឿងធម្មតាទៅហើយក្នុងរដូវខ្យល់មូសុងចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ រួមជាមួយនឹងផែនការអភិវឌ្ឍមិនល្អ កំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់គ្រោះមហន្តរាយអាកាសធាតុទាំងនោះ៕
