ចិន៖ រដ្ឋមន្ត្រីការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងមិនប្រើប្រាស់កម្លាំងរបស់ខ្លួនដើម្បី "សម្លុតធ្វើបាប" ប្រទេសជិតខាងតូចៗរបស់ខ្លួនឡើយរួមទាំងហ្វីលីពីន ខណៈលោកបានលើកឡើងពីសារៈសំខាន់នៃការដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី។
ប្រមុខការទូតចិនលោក Wang Yi បានប្រាប់វេទិកាតាមវីដេអូរៀបចំឡើងដោយស្ថានទូតចិននៅក្នុងទីក្រុងម៉ានីល និងក្រុមតស៊ូមតិក្នុងតំបន់ថា ការសង្កត់ធ្ងន់លើការទាមទាររបស់ភាគីតែម្ខាង និងកំណត់ឆន្ទៈរបស់ភាគីម្ខាងទៀត មិនមែនជាវិធីត្រឹមត្រូវសម្រាប់ប្រទេសជិតខាងក្នុងការមើលថែគ្នាទៅវិញទៅមកនោះទេ ហើយវាផ្ទុយនឹងទស្សនណែនាំនៃរបៀបដែលមនុស្សគួររួបរួមគ្នាទៅវិញទៅមក។ ការអត្ថាធិប្បាយរបស់លោកមានឡើងក្នុងពេលមិនដល់ពីរខែទេ បន្ទាប់ពីហ្វីលីពីនបានថ្កោលទោសចិនចំពោះការរារាំងនាវាផ្គត់ផ្គង់យោធា នៅសមុទ្រចិនខាងត្បូង ដែលបានជំរុញឱ្យមានការព្រមានពីសម្ព័ន្ធមិត្តសន្ធិសញ្ញាសហរដ្ឋអាមេរិកថា ការវាយប្រហារលើនាវាហ្វីលីពីននឹងទាមទារការប្តេជ្ញាចិត្តការពារទៅវិញទៅមករបស់ខ្លួន។
ការអះអាងលើដែនទឹកយ៉ាងទូលំទូលាយរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលខ្លួននិយាយថា ផ្អែកលើផែនទីប្រវត្តិសាស្ត្របានធ្វើឲ្យវាផ្ទុយនឹងប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ដែលកំពុងប្រកួតប្រជែងគ្នាដណ្ដើមសិទ្ធិកាន់កាប់កោះទាំងនោះ និងផលប្រយោជន៍ក្នុងតំបន់ដែនទឹកនោះ៕
អត្ថបទ៖ សុខមាន