សេតវិមាន កាលពីថ្ងៃអង្គារ (ទី១២ ខែសីហា) បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំកំពូល នៅរដ្ឋ Alaska រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺជាការទៅស្តាប់អំពីទស្សនៈ សម្រាប់លោកប្រធានាធិបតី ដោយនិយាយកុំឲ្យមានការរំពឹងទុកពីការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា៖ «មានតែភាគីម្ខាងប៉ុណ្ណោះដែលពាក់ព័ន្ធក្នុងសង្គ្រាមនេះ នឹងមានវត្តមាន ហេតុដូច្នេះ ជាថ្មីម្តងទៀត លោកប្រធានាធិបតីគ្រាន់តែធ្វើដំណើទៅ ដើម្បីប្រមូលនូវព័ត៌មាន និងដើម្បីយល់ឲ្យបានកាន់តែច្បាស់ អំពីរបៀប ដែលយើងអាចមានសង្ឃឹម ក្នុងការបញ្ចប់សង្រ្គាមនេះ។ នេះគឺជាការទៅស្តាប់អំពីទស្សនៈផ្សេងៗរបស់លោកប្រធានាធិបតី»។

សេតវិមានបានបញ្ជាក់ថា លោក Trump នឹងជួបទល់មុខដោយផ្ទាល់ជាមួយលោក Putin ក្នុងអំឡុងពេលមានកិច្ចពិភាក្សា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Anchorage រដ្ឋ Alaska ។ ហើយនាពេលអនាគត លោកក៏អាចទៅទស្សនកិច្ចរុស្ស៊ីផងដែរ ដោយលោកស្រី Leavitt បានប្រាប់ថា «ទំនងជាមានផែនការនាពេលអនាគត សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី»។
បញ្ហាសំខាន់ៗ នៅតែមានដដែល នៅមុនកិច្ចពិភាក្សានេះ។ លោក Trump បានលើកឡើងថា ភាគីទាំង២ នឹងត្រូវព្រមបាត់បង់ដែនដី ដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមរយៈពេល ៣ឆ្នាំកន្លះនេះ។ តែយ៉ាងណាក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រដ្ឋធម្មនុញ្ញប្រទេសរបស់លោកហាមប្រាមមិនឲ្យមានកិច្ចព្រមព្រៀងបែបនេះ ហើយថា គ្មានការរៀបចំណាមួយ អាចត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សានោះទេ។
សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការសន្ទនា រវាងលោក Trump និងលោក Zelenskyy ដែលកើតឡើងមុនពេលមានជំនួបជាមួយលោក Putin៕