ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគឺជាគំរូមួយក្នុងការផ្សព្វផ្សាយ និងគាំទ្រចលនាដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការគាំទ្រនេះបន្ទាប់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការដើម្បីចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទក្រសួងជាច្រើន។ ឯកឧត្តមមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា និងការបង្កើតគណៈកម្មការនេះគឺជាស្មារតីមួយ ស្របតាមការអំពាវនាវរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរត្រូវគាំទ្រការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ទន្ទឹមជាមួយគ្នាឯកឧត្តមអគ្គលេខាធិការ CAMSOC ក៏បានសំណូមពរឲ្យក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកគំរូតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងការរៀបចំសិក្ខាសាលា ការផ្សព្វផ្សាយ និងការដាក់ចេញនូវយុទ្ធនាការនានាសម្រាប់មន្ដ្រីរាជការក្រោមឱវាទរបស់ខ្លួន ក្នុងការធ្វើការងារមួយចំនួនដែលជួយដល់ការផ្សព្វផ្សាយពីគុណតម្លៃ របស់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។
សូមបញ្ជាក់ថា គណៈកម្មការដើម្បីចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គឺមានឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន រួមទាំងអនុប្រធាន និងសមាជិកសរុបចំនួន ២៩នាក់ដែលបង្កើតឡើងក្នុងគោលបំណងបំពេញភារកិច្ចសំខាន់ៗដូចជា៖ ១-សម្របសម្រួល និងជាជំនួយរដ្ឋបាលជូនឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងនាមជាអនុប្រធាន CAMSOC និង CAMAPGOC។ ២- ផ្សព្វផ្សាយខ្លឹមសារ និងចែកចាយខិតប័ណ្ឌរបស់ CAMSOC និង CAMAPGOC ជូនមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ៣- រៀបចំកិច្ចប្រជុំ សិក្ខាសាលា ឬបណ្ដុះបណ្ដាលដើម្បីចែករំលែកព័ត៌មានរបស់ CAMSOC និង CAMAPGOC។ ៤-សហការជាមួយ CAMSOC និង CAMAPGOC អង្គការជាតិ និងអន្ដរជាតិបម្រើការក្នុងវិស័យជនមានពិការភាព ដើម្បីរៀបចំយុទ្ធសាស្ដ្រចូលរួមមុនព្រឹត្តិការណ៍ ក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
៥-ចូលរួមសហការជាមួយអង្គការជាតិ អន្ដរជាតិ និងមណ្ឌលជនពិការក្នុងការរៀបចំលេងកីឡាដើម្បីសុខភាព ចូលរួមប្រកួត និងក្នុងនាមជាម្ចាស់ផ្ទះតាមគោលការណ៍ «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ»។ ៦-រៀបចំចងក្រងឯកសាររបាយការណ៍ និងបោះពុម្ភសៀវភៅប្រវត្តិសាស្ដ្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ និងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ៧-រៀបចំផែនការសកម្មភាព និងកៀគរមូលនិធិគាំទ្រដើម្បីមានលទ្ធភាពក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាពជាដើម៕
អត្ថបទ៖ លី ឈុនឡា