អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានព្រមានអំពីស្ថានភាពអាហារូបត្ថម្ភធ្ងន់ធ្ងរសម្រាប់កុមារនៅក្នុងប្រទេសយេម៉ែន ដោយអំពាវនាវឱ្យមានការបង្កើនមូលនិធិដើម្បីពង្រីកជំនួយស្បៀងអាហារ និងអាហារូបត្ថម្ភ ជាបន្ទាន់។
ពាក់កណ្តាលនៃកុមារដែលមានអាយុក្រោម៥ឆ្នាំរបស់ប្រទេសនេះ ទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងទទួលរងការមិនរីកលូតលាស់រាងកាយ នេះបើយោងតាមការរាយការណ៍សង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខដោយ លោក Ramesh Rajasingham នាយកផ្នែកសម្របសម្រួលនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ជំនួសឲ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Tom Flet ។

លោក Rajasingham បាននិយាយថា នេះមានន័យថាការពន្យាពេលនៃការវិវឌ្ឍន៍ ការឆ្លងជំងឺ និងហានិភ័យចំពោះការស្លាប់ពីជំងឺទូទៅ គឺខ្ពស់ជាងកម្រិតមធ្យមពី៩ទៅ១២ដង។
លោកបាននិយាយថា «មនុស្សជាង១៧ លាននាក់កំពុងស្រេកឃ្លាន។ តួលេខនេះអាចកើនឡើងដល់១៨ លាននាក់នៅខែកុម្ភៈឆ្នាំក្រោយ។ ស្ត្រី និងកុមារ ទទួលរងនូវមហន្តរាយនេះយ៉ាងខ្លាំង» ។
បច្ចុប្បន្ន ប្រទេសយេម៉ែន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអសន្តិសុខស្បៀងខ្លាំងបំផុតនៅលើពិភពលោក។ ខណៈសេដ្ឋកិច្ចបន្តធ្លាក់ចុះ និងសម្ពាធលើស្បៀងអាហារកើនឡើង គ្រួសារជាច្រើនពុំមានលទ្ធភាពទទួលបានអាហារនោះទេ។
