នគរបាលបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរ បានបាត់បង់ជីវិត ហើយជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្ត នៅព្រឹកព្រលឹមថ្ងៃពុធ (ទី១៣ ខែសីហា) នេះ។
សោកនាដកម្មនេះ បានកើតឡើងនៅក្នុងទីក្រុង Dausa នៃរដ្ឋ Rajasthan។ ជនរងគ្រោះ ដែលជាអ្នកគោរពបូជា បានធ្វើដំណើរមកពីវត្តសាសានាហិណ្ឌូ Khatu Shyam ក្នុងទីក្រុង Sikar ពេលគ្រោះថ្នាក់បានកើតឡើង។ អ្នករងរបួសមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ SMS ក្នុងទីក្រុង Jaipur ដើម្បីទទួលការព្យាបាល។

យោងតាមលោក Sagar Rana ស្នងការនគរបាលក្រុង Dausa បានឲ្យដឹងថា៖ «យើងបានទទួលព័ត៌មានថា យ៉ាងហោចណាស់មានអ្នកស្លាប់ ១០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ដែលកើតឡើងនៅផ្លូវហាយវេ Manoharpur Highway។ ជនរងគ្រោះ បាននាំគ្នាត្រលប់ទៅផ្ទះសម្បែងវិញបន្ទាប់ពីបានសូត្រធម៌បួងសួង នៅវត្ត Khatu Shyam»។
តែស្នងការរងនគរបាលក្រុង Dausa លោក Ravi Prakash Sharma បានប្រាប់ថា៖ «ចំនួនអ្នកស្លាប់សរុបនៃឧបទ្ទវហេតុ រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តសណ្តោងរ៉ឺម៉ក ឥឡូវនេះ មាន ១១នាក់ បន្ទាប់ពីមនុស្សម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បានបាត់បង់ជីវិតដោយសាររបួសធ្ងន់ពេក»៕

