កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដែលជាអង្គភាពយោធាសម្រាំងរបស់អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការស្លាប់របស់អ្នកយកព័ត៌មានទូរទស្សន៍ Al Jazeera នៅក្នុងការវាយប្រហាររបស់ អ៊ីស្រាអែលថា អ៊ីរ៉ង់អំពាវនាវដល់សហគមន៍ពិភពលោកឲ្យបញ្ឈប់ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។
សារព័ត៌មាន Defa Press បានដកស្រង់សេចក្តីថ្លែងការណ៍ថា៖«អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម អំពាវនាវដល់ប្រទេសទាំងអស់នៅលើពិភពលោក និងអង្គការពាក់ព័ន្ធដែលមានបេសកកម្មតស៊ូមតិសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន កុំឲ្យនៅស្ងៀមចំពោះឧក្រិដ្ឋកម្មរបស់របបជ្វីហ្វ កុំលើកលែងទោសឲ្យអំពើឃោរឃៅ ទាមទារឲ្យបញ្ឈប់សកម្មភាពរបស់ពួកគេ និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកកាសែត នៅតំបន់ហ្កាហ្សា»។

យោងតាមសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាទៅលើតង់អ្នកសារព័ត៌មានមួយ ដើម្បីលាក់បាំងព័ត៌មានអំពីទំហំនៃឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។
នាពេលមុននេះ ប៉ុស្តិ៍ទូរទស្សន៍របស់ប្រទេសកាតា បានរាយការណ៍ពីការស្លាប់របស់អ្នកយកព័ត៌មានរបស់ខ្លួនចំនួន ៤នាក់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល។ ជនរងគ្រោះ គឺជាអ្នកយកព័ត៌មាន Anas al-Sharif និង Mohamed Qureiqa ក៏ដូចជាអ្នកថតរូប Ibrahim Zaher និង Mohammed Noufal។ ក្រោយមក អ្នកថតរូបម្នាក់ទៀតពីទូរទស្សន៍នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអ្នកស្លាប់។ នៅពេលដែលការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល ដែលបានធ្វើឡើងភ្លាមៗ មុនពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក អ្នកកាសែតទាំងអស់ គឺស្ថិតនៅក្នុងតង់ ដែលមានទីតាំងនៅច្រកចូលមន្ទីរពេទ្យ Al-Shifa។ ការវាយប្រហារនោះ បានសម្លាប់មនុស្ស ៧នាក់។
