លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) កាលពីថ្ងៃអង្គារ បាននិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលយោធារៀបចំការវាយលុកកាន់តែធំ នៅក្នុងទឹកដីនេះ។
ការអំពាវនាវនាពេលកន្លងទៅ ដើម្បីឲ្យប្រជាជនហ្កាហ្សាផ្លាស់ទីលំនៅចេញពីតំបន់ដែលញាំញីដោយ សង្ក្រាមនេះ រួមទាំងការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ដែរនោះ បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនប៉ាឡេស្ទីន និងការថ្កោលទោសពីសហគមន៍អន្តរ ជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ i24NEWS របស់អ៊ីស្រាអែល នៅពេលដែលយោធារៀបចំការវាយលុកទ្រង់ទ្រាយធំ នៅក្នុងតំបន់ហ្កាហ្សា លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«យើងមិនរុញពួកគេចេញទេ ប៉ុន្តែយើងកំពុងអនុញ្ញាតឲ្យពួកគេចាកចេញ»។
លោកបាននិយាយថា៖«ជាដំបូង ផ្តល់ឱកាសឲ្យពួកគេចាកចេញតំបន់ប្រយុទ្ធគ្នា ហើយជាទូទៅត្រូវចាកចេញពីទឹកដីនេះ ប្រសិនបើពួកគេចង់» ដោយលើកឡើងពីលំហូរជនភៀសខ្លួនក្នុងអំឡុងពេលសង្គ្រាមនៅក្នុងប្រទេសស៊ីរី អ៊ុយក្រែន និងអាហ្វហ្គានីស្ថាន។
នៅតំបន់ហ្កាហ្សាស្ទ្រីប រយៈពេលជាច្រើនឆ្នាំហើយ អ៊ីស្រាអែលបានគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង និងរារាំងមនុស្សជាច្រើន មិនឲ្យចាកចេញ។
