នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃពុធ (ទី១៣ ខែសីហា) នេះ ការិយាល័យរបស់លោក Lee Jae Myung បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ហើយនឹងបើកកិច្ចប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រី Shigeru Ishiba។
អ្នកនាំពាក្យរបស់លោក Lee បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំទាំង២ នឹងពិភាក្សា អំពីវិធីលើកកម្ពស់សន្តិភាព ក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយទីក្រុងវ៉ាស៊ីនតោន។ តែយ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃជំនួបកំពូល ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Lee នេះទេ។

កាលពីមុន លោក Lee បានរិះគន់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលទីក្រុងសេអ៊ូល ក្នុងការកែលម្អទំនាក់ទំនងជាមួយទីក្រុងតូក្យូ តែនៅពេលដែលលោកបានជួប លោក Ishiba សម្រាប់ជំនួបកំពូលលើកដំបូងរបស់មេដឹកនាំទាំង២ នៅខាងក្រៅកិច្ចប្រជុំនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ក្នុងប្រទេសកាណាដា កាលពីខែមិថុនា ពួកលោកបានប្តេជ្ញាថា នឹងរឹតបន្តឹងចំណងទាក់ទងឲ្យកាន់តែស៊ីជម្រៅ។
គួរដឹងថា ទំនាក់ទំនង រវាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំង២ តែងតែជួបប្រទះនឹងភាពតានតឹងញឹកញាប់ ដែលបង្កឡើងដោយជម្លោះប្រវត្តិសាស្ត្រផ្តើមចេញពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន លើឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០-១៩៤៥៕
