នៅថ្ងៃពុធនេះ ព្យុះទីហ្វុង Podul បានបោកបក់ដល់ដីគោកនៅកោះតៃវ៉ាន់ ជាទីដែលក្រុមអាជ្ញាធរ បានបិទសាលារៀន និងអគារដ្ឋាភិបាល ស្របពេលភ្លៀងធ្លាក់ខ្លាំង គំរាមកំហែងធ្វើឲ្យខូចខាតបន្ថែមទៀតដល់កសិកម្មនៅតំបន់ភាគអាគ្នេយ៍កោះមួយនេះ ។
រដ្ឋបាលឧតុនិយមកណ្តាល រាយការណ៍ថា ព្យុះបានវាយប្រហារស្រុក Taitung ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៅរសៀលថ្ងៃពុធនេះ ដោយរំកិលខ្លួនទៅភាគខាងត្បូងកោះ ឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ និងចិន ក្នុងល្បឿន ៣៦គ.មក្នុង ១ម៉ោង ។

គេនៅពុំទាន់ដឹងច្បាស់នោះទេពីភាពធ្ងន់ធ្ងររបស់ព្យុះនេះ ក្នុងនោះរលកសមុទ្រធំៗ និងខ្យល់បក់ខ្លាំងត្រូវបានគេមើលឃើញនៅទូទាំងតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់ ប៉ុន្តែនៅមិនទាន់មានភ្លៀងធ្លាក់ខ្លាំងប៉ុន្មាននោះទេ ។
តាមធម្មតាព្យុះបែបនេះ តែងតែវាយប្រហារតំបន់ឆ្នេរភាគខាងកើត មុនពេលថមថយល្បឿន និងកម្លាំងរបស់វា ពេលដែលវាធ្វើដំណើរឆ្លងកាត់តំបន់ជួរភ្នំកណ្តាល មុនពេលបន្តបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរប្រទេសចិន ។
ព្យុះទីហ្វុង Podul មានមុខកាត់លាតសន្ធឹងចម្ងាយ ១២០គ.ម ហើយត្រូវបានគេរំពឹងវានឹងរីកកាន់តែធំជាងនេះ ពេលវាថមថយកម្លាំង ពេលដែលព្យុះងាកទៅទិសខាងលិច ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ។
ទីក្រុង Tainan, Kaohsiung, Chiayi, Yunlin, Pingtung និងទីក្រុង Hualienស្ថិតនៅតាមតំបន់ឆ្នេរភាគខាងកើត និងក្រុមកោះ Penghu នៅច្រកសមុទ្រតៃវ៉ាន់ រងផលប៉ះពាល់ខ្លាំងជាងគេដោយសារព្យុះ Podu ៕
