អាហ្វហ្គានីស្ថាន៖ ពលរដ្ឋអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងអាកាសធាតុត្រជាក់ដ៏លំបាកបំផុតរបស់ពួកគេ ខណៈប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស ក្រោយពួកតាលីបង់ដណ្ដើមគ្រប់គ្រងប្រទេសនេះកាលពីឆ្នាំមុន។ សេដ្ឋកិច្ចដែលពឹងផ្អែកលើជំនួយបរទេសរបស់ប្រទេសអាហ្វហ្គានីស្ថាន បានកំពុងទ្រុឌទ្រោមរួចស្រាប់ទៅហើយ នៅពេលក្រុមឧទ្ទាមតាលីបង់ក្ដោបក្ដាប់អំណាចកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១ ស្របពេលកងទ័ពអាមេរិក និងសម្ព័ន្ធណាតូចាកចេញពីប្រទេសនេះយ៉ាងតក់ក្រហល់។

សហគមន៍អន្តរជាតិបានបង្កកទ្រព្យសម្បត្តិនៅបរទេស និងផ្អាកការផ្ដល់មូលនិធិដោយមិនចង់ធ្វើការជាមួយរដ្ឋាភិបាលតាលីបង់ ដោយសារតែការដឹកនាំដ៏សាហាវឃោឃៅ ការបិទសិទ្ធិសេរីភាពស្ត្រីមិនឲ្យចេញទៅធ្វើការ និងមិនឲ្យក្មេងស្រីមានឱកាសទទួលបានការសិក្សាអប់រំរបស់ក្រុមនេះ អំឡុងការដឹកនាំប្រទេសកាលពី ២០ឆ្នាំមុន។ ដោយសារតែកង្វះមូលនិធិដែលចាំបាច់សម្រាប់ការផ្គត់ផ្គង់អាហារប្រចាំថ្ងៃ ពេលនេះពលរដ្ឋអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានភៀសខ្លួនស្នាក់នៅក្នុងជំរំតង់ ស្របពេលមានការគំរាមកំហែងពីវិបត្តិវីរុស COVID-19 និងភាពរាំងស្ងួត ព្រមទាំងខ្វះខាតថវិកា កំណើនអតិផរណា និងទំនិញឡើងថ្លៃដល់ទៅជាង ៥០% ខ្ពស់ជាងកាលពី ២ខែមុន។
ពួកគេដុតសំរាម និងផ្លាស្ទិកដើម្បីចម្អិនអាហារ និងអាំងភ្លើងពេលរងា ហើយពេលខ្លះពួកគេដុតមែកឈើដោយសារតែពុំមានអូសគ្រប់គ្រាន់។ ពួកគេត្រូវស្នាក់នៅក្នុងបន្ទប់តូចចង្អៀត និងមានទឹកស្រក់ចេញពីពិដាននៃបន្ទប់ចាស់ៗ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNCHR បានព្រមានថា ប្រជាជនជាងពាក់កណ្ដាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថានសរុប កំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ និងជិត ៩លាននាក់កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស៕
អត្ថបទ៖ សុខមាន