ប្រមុខសន្តិសុខអ៊ីរ៉ង់ បានប្តេជ្ញានៅក្នុងប្រទេសលីបង់នៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោក នឹងបន្តផ្តល់ការគាំទ្រ បន្ទាប់ពីរដ្ឋាភិបាលលីបង់ បានបញ្ជាឲ្យកងទ័ពបង្ហាញផែនការ ដើម្បីដកហូតអាវុធពីក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។

ការធ្វើដំណើររបស់លោក Ali Larijani ទៅកាន់ប្រទេសលីបង់ បានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ បានសម្តែងការប្រឆាំងចំពោះផែនការរបស់រដ្ឋាភិបាលនេះ ក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា ដែលមុនពេលមានសង្រ្គាម ជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន ត្រូវបានគេជឿថា មានអាវុធប្រសើរជាងយោធាលីបង់។
លោក Larijani ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចុះចតនៅទីក្រុង បេរូត (Beirut) ថា៖«ប្រសិនបើប្រជាជនលីបង់ កំពុងរងទុក្ខ យើងនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏នឹងមានអារម្មណ៍ឈឺចាប់ផងដែរ ហើយយើងនឹងបន្តគាំទ្រប្រជាជនលីបង់ គ្រប់កាលៈទេសៈទាំងអស់»។
អ្នកគាំទ្រហេសបូឡារាប់សិបនាក់ បានប្រមូលផ្តុំគ្នា នៅតាមផ្លូវអាកាសយានដ្ឋាន ដើម្បីស្វាគមន៍លោក Larijani ។ លោកបានដើរចេញពីរថយន្តរបស់លោកមួយភ្លែត ដើម្បីស្វាគមន៍ពួកគេ ខណៈពួកគេស្រែកបន្ទរពាក្យស្លោកគាំទ្រ។
